កុសដ្ឋកទាយកត្ថេរាបទានទី ៦
ក្បាលទី 61 · ទំព័រ 345
ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយស្បូវ ៨ ក្តាប់ ដល់ព្រះមានព្រះភាគព្រះនាមកស្សបៈ ជាខីណាសវព្រាហ្មណ៍ ព្រះអង្គមាន ព្រហ្មចរិយធម៌នៅរួចហើយ ។ ក្នុងកប្បនេះឯង ព្រោះហេតុដែលខ្ញុំបានថ្វាយ ស្បូវ ៨ ក្តាប់ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃស្បូវ ៨ ក្តាប់ ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងពួងខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនា របស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកុសដ្ឋកទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។