បង្សុកូលសញ្ញកត្ថេរាបទានទី ១

ក្បាលទី 61 · ទំព័រ 356

ព្រះជិនស្រីមានព្រះភាគព្រះនាមតិស្សៈ ជាព្រះសយម្ភូ ជាលោក នាយក ព្រះអង្គបានតម្កល់ទុកនូវសំពត់បំសុកូលហើយ ស្តេចចូលទៅក្នុង វិហារ ។ ខ្ញុំបានកាន់យកធ្នូដែលខ្លួនរៀបចំស្រេចហើយ មានទាំងទឹកបំពង់ កាន់ ទាំងដាវដើរចូលទៅក្នុងព្រៃ ។ គ្រានោះ ខ្ញុំបានឃើញសំពត់បំសុកូលដែល ព្រះអង្គពាក់ទុកលើចុងឈើ ក្នុងទីនោះ ខ្ញុំបានដាក់បំពង់ព្រួញចុះក្នុងទីនោះឯង ហើយបានធ្វើអញ្ជលីលើសិរ្សៈ ។ ខ្ញុំមានចិត្តជ្រះថ្លា រីករាយដោយបីតិ ដ៏ធំ ទូលាយ នឹករពឫកចំពោះព្រះពុទ្ធដ៏ប្រសើរ ហើយថ្វាយបង្គំនូវសំពត់បំសុកូល ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបង្គំនូវសំពត់បំសុកូលក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយបង្គំ ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញអស់ហើយ ភពទាំងពួងខ្ញុំដកចោលហើយ ខ្ញុំ មិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំ មកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនា របស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ។ បានឮថា ព្រះបំសុកូលសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។