ពុទ្ធសញ្ញកត្ថេរាបទានទី ២
ខ្ញុំជាអ្នកស្វាធ្យាយមន្ត ចេះចាំនូវមន្ត ដល់នូវត្រើយនៃត្រៃវេទ ក្នុងលក្ខណស្រាស្ត និងឥតិហាសស្រាស្ត ព្រមទាំងនិឃណ្ឌុស្រាស្ត និងកេដុភស្រាស្ត ។ ក្នុងកាលនោះ ពួកសិស្សរបស់ខ្ញុំ មកកាន់ ( សម្នាក់ ) នៃខ្ញុំ ប្រៀបដូចជាខ្សែទឹកស្ទឹង ខ្ញុំក៏បានបង្ញាញមន្តដល់សិស្សទាំងនោះ ឥតមានខ្ជិលច្រអូស ទាំងយប់ទាំងថ្ងៃ ។ លំដាប់នោះឯង ព្រះសម្ពុទ្ធព្រះនាមសិទ្ធត្ថៈ បាន កើតឡើងហើយក្នុងលោក ទ្រង់ញ៉ាំងសេចក្តីងងឹតដ៏ក្រៃលែងឲ្យវិនាសហើយ ញ៉ាំងពន្លឺគឺញាណឲ្យប្រព្រឹត្តទៅ ។ ក្នុងកាលនោះ មានសិស្សម្នាក់របស់ខ្ញុំ បានប្រាប់ដល់ពួកសិស្សរបស់ខ្ញុំ លុះពួកសិស្សទាំងនោះឮហើយ ទើបប្រាប់ សេចក្តីនោះដល់ខ្ញុំ ( ខ្ញុំក៏បានគិតថា ) ព្រះសព្វញ្ញូជាលោកនាយក ព្រះអង្គ បានកើតឡើង ក្នុងលោកហើយ ជនតែងប្រព្រឹត្តតាមនូវព្រះសម្មាសម្ពុទ្ធអង្គ នោះ ឯអាត្មាអញគ្មានលាភនឹងគេសោះ ។ ព្រះពុទ្ធទាំងឡាយ មានចក្ខុ មានយសធំ ព្រះអង្គទ្រង់កើតឡើង ព្រោះអាស្រ័យហេតុ បើដូច្នោះ អាត្មាអញ គួរទៅមើល ព្រះសម្មាសម្ពុទ្ធដ៏ប្រសើរ ព្រះអង្គជាលោកនាយក ។ ខ្ញុំ បានកាន់យកស្បែកខ្លា សំពត់សម្បកឈើ និងកុណ្ឌីទឹករបស់ខ្ញុំ ចេញអំពី អាស្រម ហើយហៅពួកសិស្សមកប្រាប់ថា ការឃើញនូវព្រះពុទ្ធជាលោកនាយក កម្របុគ្គលបានដោយងាយ ដូចជាផ្កាឧទុម្ពរ ឬដូចជារូបនៃសត្វ ទន្សាយក្នុងដួងព្រះចន្ទ ឬក៏ដូចជាទឹកដោះនៃសត្វក្អែក ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ កើតឡើងក្នុងលោក និងភាពជាមនុស្សទាំងពីរនេះ កម្របុគ្គលបានដោយ ងាយ កាលបើហេតុទាំងពីរនេះមានហើយ ការស្តាប់ធម៌ក៏កម្របុគ្គលបាន