ញាណត្ថវិកត្ថេរាបទានទី ៤
អាស្រមរបស់ខ្ញុំ គេធ្វើហើយក្នុងទិសទក្សិណនៃហិមវន្តប្រទេស ក្នុងកាលនោះ ខ្ញុំកំពុងស្វែងរកនូវប្រយោជន៍ដ៏ឧត្តម នៅតែក្នុងព្រៃ ។ ខ្ញុំជា អ្នកសន្តោសដោយលាភនិងអលាភ ជាអ្នកប្រព្រឹត្តមិនចិតសម្បក នៃមើមឈើ និងផ្លែឈើ ហើយនៅតែម្នាក់ឯង ។ ព្រះសម្ពុទ្ធព្រះនាមសុមេធៈ បានកើត ក្នុងលោក ទ្រង់ស្រោចស្រង់នូវមហាជន ហើយប្រកាសនូវសច្ចធម៌ទាំង ៤ ក្នុងខណៈនោះ ។ ខ្ញុំមិនដែលបានស្តាប់នូវព្រះសម្ពុទ្ធ ទាំងឥតមានអ្នកណាមួយ ប្រៀនប្រដៅខ្ញុំឡើយ លុះកន្លង ៨ ឆ្នាំទៅ ទើបខ្ញុំបានស្តាប់ ព្រះលោក នាយក ។ ខ្ញុំបាននាំយកភ្លើងនិងឧសចេញហើយ បោសច្រាសអាស្រម រួច បានរែកនូវអម្រែកចេញទៅអំពីព្រៃធំ ។ ក្នុងកាលនោះ ខ្ញុំនៅក្នុងស្រុកនិង និគមអស់មួយរាត្រី ៗ ហើយបានចូលទៅក្នុងក្រុងឈ្មោះចន្ទវតីដោយលំដាប់ ។ ក្នុងសម័យនោះ ព្រះមានព្រះភាគព្រះនាមសុមេធៈ ជាលោកនាយក ទ្រង់ ស្រោចស្រង់នូវពពួកសត្វជាច្រើន កំពុងសម្តែងនូវអមតបទ ។ ខ្ញុំកន្លងនូវ ពួកជន ហើយថ្វាយបង្គំនូវពាក្យប្រដៅនៃព្រះជិនស្រី បានធ្វើនូវស្បែកខ្លាឆៀង ស្មាម្ខាង ហើយពោលសរសើរគុណនៃព្រះលោកនាយកថា ព្រះអង្គជាសាស្តាដូចជាទង់ ដូចជាទង់ជ័យ ឬដូចប្រាសាទ ជាទីពឹង ពំនាក់របស់ពួកសត្វ ជាប្រទីប ទ្រង់ឧត្តមជាងសត្វជើងពីរ ។ ចប់ ភាណវារៈទី ២១ ។ បពិត្រព្រះមុនី ព្រះអង្គជាអ្នកប្រាជ្ញ ទ្រង់មានព្រះប្រាជ្ញាដ៏ល្អិត ក្នុងទស្សនញ្ញាណ ទ្រង់ញ៉ាំងពួកជនឲ្យឆ្លង នឹងរកបុគ្គលដទៃជាអ្នកចម្លងឲ្យលើសលុប ជាងព្រះអង្គក្នុងលោកមិនមានឡើយ ។ សមុទ្ទសាគរដ៏ឧត្តម បុគ្គលអាចនឹង ប្រមាណដោយចុងស្បូវបាន ឯសព្វញ្ញុតញ្ញាណរបស់ព្រះអង្គ បុគ្គលមិនអាច ប្រមាណបានឡើយ ។