ចន្ទនមាលិយត្ថេរាបទានទី ៥
ខ្ញុំលះបង់នូវកាមគុណទាំង ៥ ដែលមានសភាពជាទីស្រឡាញ់ ជាទីរីករាយនៃចិត្ត លះបង់នូវសម្បត្តិ ៨០ កោដិ ហើយចូលទៅកាន់ផ្នួស ។ លុះខ្ញុំបួសហើយ បានវៀរនូវបាបកម្មដោយកាយ លះបង់នូវវចីទុច្ចរិត ហើយ នៅជិតច្រាំងស្ទឹង ។ ព្រះសម្មាសម្ពុទ្ធដ៏ប្រសើរ ស្តេចបានចូលមករកខ្ញុំដែល កំពុងនៅតែម្នាក់ឯង ខ្ញុំក៏មិនស្គាល់ព្រះអង្គថាជាព្រះពុទ្ធទេ តែខ្ញុំបានធ្វើបដិសណ្ឋារៈ ។ លុះខ្ញុំធ្វើបដិសណ្ឋារៈហើយ បានសួរនូវនាមនិងគោត្តថា អ្នក ជាទេវតាឬជាគន្ធព្វ ឬមួយអ្នកជាព្រះឥន្ទធ្លាប់ឲ្យទានក្នុងកាលមុន អ្នកជាអ្វី អ្នកជាបុត្តរបស់បុគ្គលណា ឬអ្នកជាមហាព្រហ្មមកក្នុងទីនេះ បានញ៉ាំងទិស ទាំងពួងឲ្យភ្លឺច្រាល ដូចព្រះអាទិត្យកំពុងរះ ។ ម្នាលអ្នកនិទ៌ុក្ខ ចក្កទាំងឡាយ មានកាំមួយពាន់ ប្រាកដក្នុងបាទា ( នៃអ្នក ) អ្នកជាអ្វី អ្នកជាបុត្តរបស់ បុគ្គលណា ដូចម្តេចហ្ន៎ យើងនឹងស្គាល់អ្នក ។ សូមអ្នកប្រាប់នូវនាម និង គោត្ត ( របស់អ្នក ) ចូរអ្នកនាំនូវសេចក្តីសង្ស័យរបស់ខ្ញុំចេញ ។ តថាគតមិនមែនជាទេវតា មិនមែនជាគន្ធព្វ តថាគតមិនមែនជាព្រះឥន្ទ ធ្លាប់ឲ្យទានក្នុងកាលមុនទេ ។ មួយទៀត តថាគតមិនមែនជាព្រហ្មទេ តថាគត ប្រសើរជាងជនទាំងនោះ បានកន្លងនូវវិស័យរបស់ជនទាំងនោះ ហើយផ្តាច់បង់ នូវចំណងគឺកាម ។ តថាគតដុតបង់នូវកិលេសទាំងអស់ហើយ បានដល់ នូវសេចក្តីត្រាស់ដឹងដ៏ប្រសើរ ។ ខ្ញុំបានស្តាប់នូវវាចារបស់ព្រះពុទ្ធនោះ ហើយពោលនូវពាក្យនេះថា បពិត្រ ព្រះមហាមុនី បើព្រះអង្គជាសព្វញ្ញូពុទ្ធ ជាមហាមុនី សូមព្រះអង្គគង់សិន ខ្ញុំ នឹងបូជាព្រះអង្គ ព្រោះព្រះអង្គជាអ្នកធ្វើនូវទីបំផុតនៃទុក្ខបានហើយ ។