ធាតុបូជកត្ថេរាបទានទី ៦
ក្បាលទី 61 · ទំព័រ 372
កាលព្រះលោកនាថ ព្រះនាមសិទ្ធត្ថៈ ជាលោកនាយក ស្តេច បរិនិព្វានហើយ ខ្ញុំបានប្រជុំពួកញាតិរបស់ខ្ញុំ ហើយធ្វើនូវការបូជាព្រះធាតុ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះធាតុក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាព្រះធាតុ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួងខ្ញុំដកចោលអស់ហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមក ល្អហើយក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនា របស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ។ បានឮថា ព្រះធាតុបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះដោយ ប្រការដូច្នេះ ។