បំសុកូលវគ្គោ
មានភ្នំមួយឈ្មោះឧទព្វលៈ នៅជិតភ្នំហិមពាន្ត ក្នុងទីនោះ ខ្ញុំ បានឃើញសំពត់បំសុកូលដែលគេពាក់លើចុងឈើ ។ ក្នុងកាលនោះ ខ្ញុំមាន ចិត្តត្រេកអររីករាយ បានបេះផ្កាកណ្តឹង ៣ ទង ហើយ ថ្វាយចំពោះសំពត់ បំសុកូលនោះ ។ ដោយអំពើដែលខ្ញុំបានធ្វើហើយដោយល្អនោះផង ដោយ ចេតនាដែលខ្ញុំបានតម្កល់ទុកហើយនោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្ស ហើយ ទៅកើតឯឋានតាវត្តិង្ស ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុ ដែលខ្ញុំធ្វើនូវអំពើល្អក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ ព្រោះបានបូជា ទង់ជ័យព្រះអរហន្ត ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជា ដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបំសុកូលបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។