កោរណ្ឌបុប្ផិយត្ថេរាបទានទី ៣

ក្បាលទី 61 · ទំព័រ 393

ក្នុងភពមុន ខ្ញុំបានកើតជាអ្នកធ្វើការងារក្នុងព្រៃ ចិញ្ចឹមជីវិត ដោយការសម្លាប់សត្វ តាមលំអាននៃជីតា កុសលរបស់ខ្ញុំមិនមាន ។ ព្រះ ចក្ខុមសម្ពុទ្ធ ជាព្រះលោកនាយកព្រះនាមតិស្សៈ ទ្រង់មានព្រះអធ្យាស្រ័យ សង្គ្រោះដល់ខ្ញុំ បានសម្តែងនូវស្នាមព្រះបាទា ៣ អន្លើ ។ ខ្ញុំបានឃើញនូវ ស្នាមព្រះបាទានៃព្រះសាស្តា ព្រះនាមតិស្សៈដែលទ្រង់ជាន់ទុក មានចិត្តត្រេកអរ រីករាយ បានញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងស្នាមព្រះបាទា ។ ខ្ញុំបានឃើញនូវដើម កន្ទុយដំរីដុះលើផែនដីមានផ្ការីក ហើយកាច់យកផ្កាកន្ទុយដំរីនោះទាំងចង្កោម ទៅបូជាស្នាមព្រះបាទាដ៏ប្រសើរ ។ ដោយអំពើដែលខ្ញុំបានធ្វើហើយដោយ ល្អនោះផង ដោយចេតនាដែលខ្ញុំបានតម្កល់ទុកហើយនោះផង ខ្ញុំលះបង់រាងកាយ ជារបស់មនុស្សហើយ ក៏បានទៅកើតឯឋានតាវត្តិង្ស ។ ខ្ញុំចូលទៅកាន់ កំណើតណាៗ ទោះជាទេវតាឬជាមនុស្ស ក៏មានពណ៌សម្បុរដូចផ្កាកន្ទុយដំរី មានពន្លឺរស្មីល្អ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំធ្វើកុសលកម្មក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាស្នាមព្រះបាទ ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងពួងខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំ ក៏បានប្រតិបត្តិហើយ ។