ឃតមណ្ឌទាយកត្ថេរាបទានទី ៦
ខ្ញុំបានឃើញព្រះមានព្រះភាគ ព្រះអង្គមានព្រះតម្រិះល្អ ជាធំ ក្នុងលោក ប្រសើរជាងនរៈ ស្តេចចូលទៅគង់ក្នុងព្រៃធំ ត្រូវអាពាធកើតអំពី ខ្យល់បៀតបៀនហើយ ខ្ញុំក៏ញ៉ាំងចិត្តឲ្យជ្រះថ្លា បាននាំយកទឹកដោះថ្លា ចូលទៅ ថ្វាយព្រះអង្គ ។ ព្រោះតែកុសលដែលខ្ញុំបានធ្វើហើយ បានសន្សំហើយ ស្ទឹងគង្គាភាគីរសីនេះ នឹងមហាសមុទ្ទទាំង ៤ ប្រែទៅជាទឹកដោះថ្លាសម្រាប់ ខ្ញុំ ។ ផែនដីនេះជាវត្ថុដ៏ធំ មានប្រមាណមិនបាន រាប់មិនបាន ផែនដីនោះទៅជា ស្ករក្រាម មានរសផ្អែមឆ្ងាញ់ ព្រោះដឹងនូវសេចក្តីត្រិះរិះរបស់ខ្ញុំ ដើមឈើ ទាំងឡាយនេះ ដុះលើផែនដី ឋិតនៅក្នុងទិសទាំង ៤ ដើមឈើទាំងនោះកើត ទៅជាដើមកល្បព្រឹក្ស ព្រោះដឹងនូវសេចក្តីត្រិះរិះរបស់ខ្ញុំ ។ ខ្ញុំជាធំជាងទេវតា បានសោយរាជ្យជាស្តេចនៃទេវតាអស់ ៥០ ដង ។ ខ្ញុំបានជាស្តេចចក្រពត្តិអស់ ៥១ ដង បានសោយប្រទេសរាជ្យដ៏ធំទូលាយរាប់ជាតិមិនអស់ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទានក្នុងកាលនោះ ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃទឹកដោះថ្លា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញ ហើយ ភពទាំងពួងខ្ញុំដកចោលអស់ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបាន កាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសម្នាក់នៃ ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើ ហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។