នឡកុដិកទាយកត្ថេរាបទានទី ៩

ក្បាលទី 61 · ទំព័រ 402

ក្នុងទីមិនឆ្ងាយអំពីព្រៃហិមពាន្ត មានភ្នំមួយឈ្មោះហារិកៈ កាល នោះ ព្រះសយម្ភូសម្ពុទ្ធព្រះនាមនារទៈ គង់នៅទៀបគល់ឈើ ជិតភ្នំនោះ ។ ខ្ញុំបានធ្វើផ្ទះបបុស បិទបាំងដោយស្មៅ ជម្រះទីចង្រ្កម ថ្វាយដល់ព្រះសយម្ភូ សម្ពុទ្ធ ។ ដោយអំពើដែលខ្ញុំធ្វើល្អហើយនោះផង ដោយការតម្កល់ចេតនា នោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋាន តាវត្តិង្ស ។ ប្រាសាទរបស់ខ្ញុំ ដែលកុសលកម្មធ្វើល្អហើយក្នុងឋានតាវត្តិង្ស នោះ គឺកុសលកម្មនិម្មិតធ្វើជាខ្ទមបបុសមានកម្ពស់ ៦០ យោជន៍ ទទឹង ៣០ យោជន៍ ។ ខ្ញុំរីករាយក្នុងទេវលោកអស់ ១៤ កប្ប បានសោយរាជ្យក្នុងទេវលោក អស់ ៧១ ដង ។ ខ្ញុំបានជាស្តេចចក្រពត្តិអស់ ៣៤ ដង បានសោយ ប្រទេសរាជ្យដ៏ធំទូលាយរាប់ជាតិមិនអស់ ។ ខ្ញុំបានឡើងកាន់ធម្មប្រាសាទ ឧបមាដូចផ្ទះស្ងាត់ដ៏ប្រសើរ ហើយសម្រេចសម្រាន្តតាមសមគួរក្នុងសាសនា នៃព្រះសក្យបុត្ត ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើ កុសលកម្មក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃខ្ទមបបុស ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំជា អ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំ ក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះនឡកុដិកទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។