បិយាលផលទាយកត្ថេរាបទានទី ១០

ក្បាលទី 61 · ទំព័រ 403

ក្នុងភពមុនខ្ញុំកើតជាព្រានម្រឹគ កាលនោះខ្ញុំបានត្រាច់ទៅក្នុង ព្រៃធំ បានឃើញព្រះសម្ពុទ្ធ ព្រះអង្គមិនមានធូលីគឺកិលេស ទ្រង់ដល់នូវ ត្រើយនៃធម៌ទាំងពួង ។ ខ្ញុំមានចិត្តជ្រះថ្លា បានយកផ្លែទ្រយឹងមកថ្វាយព្រះពុទ្ធ ដ៏ប្រសើរ ជាបុញ្ញក្ខេត្ត ព្រះអង្គមានព្យាយាម ដោយដៃរបស់ខ្លួន ។ ក្នុង កប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែទ្រយឹង ក្នុងកាល នោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួងខ្ញុំដកចោលអស់ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុង សម្នាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបិយាលផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។ ឧទ្ទាន កឹកណិបុប្ឆិយត្ថេរាបទាន ១ បំសុកូលបូជកត្ថេរាបទាន ១ កោរណ្ឌបុប្ផិយត្ថេរាបទាន ១ កឹសុកបុប្ផិយត្ថេរាបទាន ១ ឧបឌ្ឍទុស្សទាយកត្ថេរាបទាន ១ ឃតមណ្ឌទាយកត្ថេរាបទាន ១ ឧទកទាយកត្ថេរាបទាន ១ បុឡិនថូបិយត្ថេរាបទាន ១ នឡកុដិកទាយត្ថេរាបទាន ១ ជាគម្រប់ ៩ បិយាលផលទាយកត្ថេរាបទាន ១ ឯគាថាមានចំនួន ១០១ និងលើស ពីនោះ ៩ គាថាទៀត ។