ឯកបត្តទាយកត្ថេរាបទានទី ២
ខ្ញុំកើតជាស្មូនឆ្នាំង ក្នុងនគរហង្សវតី ខ្ញុំបានឃើញព្រះពុទ្ធ ទ្រង់ ប្រាសចាកធូលី គឺកិលេស ទ្រង់ឆ្លងជំនន់ គឺកិលេស មិនមានអាសវៈ ។ ខ្ញុំបានថ្វាយបាត្រដី ដែលខ្ញុំធ្វើល្អហើយដល់ព្រះពុទ្ធដ៏ប្រសើរ ខ្ញុំថ្វាយបាត្រ ដល់ព្រះមានបុណ្យ មានព្រះហបឫទ័យទៀងត្រង់ ទ្រង់មិនញាប់ញ័រដោយ លោកធម៌ ។ ខ្ញុំកាលកើតក្នុងភពតែងបានថាសមាសផង ថាសមាសក្រឡៃ ប្រាក់ផង ចានជាវិការៈនៃកែវមណីផង ។ ខ្ញុំតែងបរិភោគដោយភាជន៍ នេះ ជាផលនៃបុញ្ញកម្ម ខ្ញុំជាអ្នកប្រសើរដោយយសបរិវារជាងជនទាំងឡាយ ។ ពូជសូម្បីបន្តិចបន្តួចដែលគេសាបព្រោះក្នុងស្រែដ៏ល្អ កាលបើមេឃបង្អុរធារ ទឹកដោយប្រពៃ ផ្លែស្រូវរមែងញ៉ាំងអ្នកស្រែឲ្យត្រេកអរ យ៉ាងណាមិញ ។ បត្តទាននេះ ដែលខ្ញុំសាបព្រោះក្នុងស្រែ គឺព្រះពុទ្ធ ធារទឹកគឺបីតិបង្អុរចុះមក ផលរមែងធ្វើឲ្យខ្ញុំត្រេកអរ ក៏យ៉ាងនោះដែរ ។ ស្រែទាំងបុន្មានណា គឺព្រះសង្ឃ ក្តី គណៈក្តី ស្រែទាំងនោះស្មើដោយស្រែគឺព្រះពុទ្ធមិនមានឡើយ ព្រោះ ស្រែគឺព្រះពុទ្ធ អាចឲ្យសេចក្តីសុខដល់សត្វទាំងពួង ។ បពិត្របុរសអាជានេយ្យ ខ្ញុំសូមថ្វាយបង្គំព្រះអង្គ បពិត្របុរសដ៏ឧត្តម ខ្ញុំសូមថ្វាយបង្គំព្រះអង្គ ខ្ញុំបានថ្វាយបាត្រមួយហើយ បានសម្រេចព្រះនិព្វានជាគុណជាតមិនកម្រើក ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបាត្រក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបត្តទាន ។ កិលេសទាំងឡាយខ្ញុំដុត បំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះ បានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសម្នាក់