តាលផលិយត្ថេរាបទានទី ៩
ព្រះមានព្រះភាគទ្រង់ព្រះនាមសតរង្សី ត្រាស់ដោយព្រះអង្គឯង ទ្រង់ឈ្នះមារ ក្រោកចេញចាកទីស្ងប់ស្ងាត់ ហើយស្តេចទៅដើម្បីគោចរ ។ ខ្ញុំមានដៃកាន់ផ្លែឈើ ឃើញព្រះនរាសភៈ ក៏ចូលទៅជិត ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយផ្លែត្នោត ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះ ហេតុដែលខ្ញុំបានថ្វាយផ្លែ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃផលទាន ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំដក ចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់ នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសម្នាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបាន ដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះតាលផលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។