កោសុមផលិយត្ថេរាបទានទី ៣

ក្បាលទី 61 · ទំព័រ 422

កាលនោះ ខ្ញុំបានឃើញព្រះសម្ពុទ្ធទ្រង់មានដំណើរល្វាសល្វន់ ដូចលំពង់ថ្ងាន់ត្រូវខ្យល់ ជាទេវតាកន្លងទេវតា ប្រសើរជាងនរៈ កំពុងស្តេច ទៅតាមច្រក ហើយបានថ្វាយផ្លែសង្ឃ័រ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះ ហេតុដែលខ្ញុំបានថ្វាយផ្លែ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃផលទាន ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោល ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវ ទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសម្នាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកោសុម្ពផលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។