អជ្ជុនបុប្ផិយត្ថេរាបទានទី ៦

ក្បាលទី 61 · ទំព័រ 425

កាលនោះ ខ្ញុំកើតជាកិន្នរ នៅទៀបឆ្នេរស្ទឹងចន្ទភាគា បាន ឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលីគឺកិលេស ត្រាស់ដឹងដោយព្រះអង្គឯង ទ្រង់ឈ្នះមារ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ត្រេកអរ ធ្វើនូវអញ្ជលីកម្ម បានយកផ្កាអ្រង្គងទៅបូជាព្រះសយម្ភូ ។ ព្រោះអំពើដែលខ្ញុំធ្វើល្អនោះ ផង ព្រោះការតម្កល់ចេតនានោះផង លុះខ្ញុំលះបង់នូវរាងកាយជាកិន្នរហើយក៏ បានទៅកើតក្នុងឋានតាវត្តិង្ស ។ ខ្ញុំជាធំជាងទេវតា បានសោយរាជ្យក្នុងទេវលោក អស់ ៣៦ ដង បានសោយរាជ្យជាស្តេចចក្រពត្តិមហារាជអស់ ១០ ដង ។ បានសោយប្រទេសរាជ្យដ៏ធំទូលាយរាប់ជាតិមិនអស់ ( ព្រោះ ) ពូជបាន ព្រោះក្នុងព្រះសយម្ភូជាស្រែដ៏ល្អ ។ ខ្ញុំមានកុសល ខ្ញុំបានចូលទៅកាន់ផ្នួស ខ្ញុំ ជាបុគ្គលគួរគេបូជា ក្នុងសាសនានៃព្រះសក្យបុត្ត ក្នុងថ្ងៃនេះ ។ កិលេស ទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិន មានអាសវៈ ព្រោះបានកាត់ចំណង ដូចដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អ ហើយ ក្នុងសម្នាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ។ បានឮថា ព្រះអជ្ជុនបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។