កុដជបុប្ផិយត្ថេរាបទានទី ៧

ក្បាលទី 61 · ទំព័រ 426

ក្នុងទីជិតនៃព្រៃហិមពាន្ត មានភ្នំមួយឈ្មោះអច្ចលៈ ព្រះសម្ពុទ្ធ ព្រះនាមសុទស្សនៈ គង់នៅក្នុងចន្លោះភ្នំនោះ ។ ខ្ញុំបានយកផ្កាអំពីព្រៃហិមពាន្ត ហើយទៅកាន់អាកាស បានឃើញព្រះសម្ពុទ្ធទ្រង់ឆ្លងឱឃៈ មិនមានអាសវៈ ក្នុងទីនោះ ។ កាលនោះខ្ញុំ យកផ្កាអញ្ជ័នខៀវមកតម្កល់លើក្បាល ហើយ បូជាព្រះពុទ្ធទ្រង់ត្រាស់ដឹងឯង ទ្រង់ស្វែងរកនូវគុណដ៏ធំ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភព ទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសម្នាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះកុដជបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។