ឃោសសញ្ញកត្ថេរាបទានទី ៨
ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគនៅក្នុងព្រៃធំ ខ្ញុំបានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលី មានពួកទេវតាចោមរោមហើយ កំពុងប្រកាសនូវ សច្ចៈ ៤ សម្តែងនូវអមតបទ ។ ខ្ញុំបានស្តាប់ធម៌ដ៏ពីរោះរបស់ព្រះពុទ្ធ ព្រះនាម សិខី ជាផៅពង្សនៃសត្វលោក ។ ខ្ញុំធ្វើចិត្តឲ្យជ្រះថ្លាក្នុងឃោសសព្ទរបស់ ព្រះសិខីសម្ពុទ្ធដែលរកបុគ្គលប្រៀបស្មើមិនមាន ខ្ញុំញ៉ាំងចិត្តជ្រះថ្លាក្នុងព្រះអង្គ ហើយបានឆ្លងនូវភព ដែលសត្វហែលឆ្លងបានដោយកម្រ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបាននូវសញ្ញាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃឃោសសញ្ញា ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសម្នាក់ព្រះពុទ្ធ របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឃោសសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។