បទុមធារិយត្ថេរាបទានទី ១០

ក្បាលទី 61 · ទំព័រ 430

ក្នុងទីជិតព្រៃហិមពាន្ត មានភ្នំមួយឈ្មោះរោមសៈ កាលនោះ ព្រះសម្ពុទ្ធព្រះនាមអភិសម្ភវៈ ទ្រង់គង់ក្នុងទីវាលជិតភ្នំនោះ ។ ខ្ញុំចេញអំពី លំនៅ បានយកផ្កាឈូកបាំងថ្វាយព្រះអង្គ លុះខ្ញុំយកផ្កាឈូកមួយ បាំងថ្វាយ អស់មួយថ្ងៃហើយ ខ្ញុំត្រឡប់មកកាន់លំនៅវិញ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះពុទ្ធក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរី កាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសម្នាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ បានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបទុមធារិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ ចប់ បទុមធារិយត្ថេរាបទាន ។ ឧទ្ទាន កបិដ្ឋផលទាយកត្ថេរាប ទាន ១ កោសុម្ពផលិយត្ថេរាបទាន ១ កេតកបុប្ផិយត្ថេរាប ទាន ១ នាគបុប្ផិយត្ថេរាបទាន ១ អជ្ជុនបុប្ផិយត្ថេរាបទាន ១ កុដជបុប្ផិយត្ថេរាបទាន ១ ឃោសសញ្ញកត្ថេរាបទាន ១ សព្វផលទាយកត្ថេរាបទាន ១ បទុមធារិយត្ថេរាបទាន ១ រួបរួមគាថាក្នុងវគ្គនេះមាន ៨៣ គាថា ។