គិរិនេលបូជកត្ថេរាបទានទី ៧
ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគ ត្រាច់ទៅក្នុងព្រៃ បានឃើញ ព្រះសម្ពុទ្ធទ្រង់ប្រាសចាកធូលី ដល់នូវត្រើយនៃធម៌ទាំងពួង ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយចំពោះព្រះសម្ពុទ្ធ ព្រះអង្គប្រកបដោយសេចក្តីករុណា ត្រេកអរចំពោះប្រយោជន៍របស់សព្វសត្វ ហើយបានបូជាផ្កាអញ្ជ័នខេវោ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កាក្នុងកាលនោះ ខ្ញុំ មិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយ ខ្ញុំដុត បំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះ បានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសម្នាក់ នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើ ហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះគិរិនេលបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។