អដ្ឋកថាកច្ចាយនត្ថេរាបទាន
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ១ ក្នុងវគ្គទី ៥៤ ដូចតទៅ នេះថា អបទានរបស់ព្រះមហាកច្ចាយនត្ថេរ មានពាក្យផ្តើមថា បទុមុត្តរោ នាម ជិនោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធអង្គ មុន ៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភព នោះ ៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ កើតក្នុងត្រកូល គហបតីមហាសាល ចម្រើនវ័យហើយ ថ្ងៃមួយ ស្តាប់ធម៌ក្នុងសម្នាក់របស់ ព្រះសាស្តា បានឃើញភិក្ខុមួយរូប ដែលព្រះសាស្តាទ្រង់ស្ថាបនាទុកក្នុង តំណែងជាកំពូលជាងភិក្ខុ ដែលចែកអត្ថ ដែលព្រះសាស្តាត្រាស់ទុកដោយ សង្ខេបឲ្យពិស្តារបាន ខ្លួនឯងក៏ប្រាថ្នានូវតំណែងនោះ ទើបតាំងបណិធានទុក ហើយធ្វើបុណ្យមានទានជាដើម អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងសាសនាព្រះមានព្រះភាគ ព្រះនាមថាសុមេធៈ កើតជាវិជ្ជាធរ ត្រាច់ទៅ តាមអាកាស បានឃើញព្រះមានព្រះភាគ ដែលគង់ក្នុងព្រៃមួយកន្លែង មាន ចិត្តជ្រះថ្លា បានយកផ្កាកណិការមកធ្វើការបូជា ។ ដោយបុណ្យនោះ កុលបុត្តនោះ អន្ទោលទៅមកតែក្នុងសុគតិតែម្យ៉ាង បុណ្ណោះ ក្នុងកាលដែលព្រះមានព្រះភាគព្រះនាមថាកស្សបៈ កុលបុត្តនោះ កើតក្នុងផ្ទះមានត្រកូលក្នុងនគរពារាណសី កាលព្រះមានព្រះភាគបរិនិព្វាន ហើយ បានយកដុំឥដ្ឋមាសដែលមានតម្លៃមួយសែន ធ្វើការបូជាក្នុងទីសាង សុវណ្ណចេតិយ បានតាំងសេចក្តីប្រាថ្នាទុកថា ដោយផលនៃបុណ្យនេះ សូមឲ្យ សរីរៈរបស់ខ្ញុំមានពណ៌ដូចមាស គ្រប់ទីដែលកើតចុះ តាំងអំពីនោះមក បានធ្វើតែកុសលកម្មដរាបដល់អស់ជីវិត អន្ទោលទៅមកក្នុងទេវតានិងមនុស្ស ទាំងឡាយអស់មួយពុទ្ធន្តរ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះបុរោហិតរបស់