អដ្ឋកថាឧរុវេលកស្សបត្ថេរាបទាន

ក្បាលទី 61 · ទំព័រ 544

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៨ ដូចតទៅនេះថា អបទានរបស់ព្រះឧរុវេលកស្សបត្ថេរ មានពាក្យផ្តើមថា បទុមុត្តរោ នាម ជិនោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូល ចម្រើន វ័យហើយ បានស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា បានឃើញភិក្ខុមួយរូប ដែលព្រះសាស្តា ទ្រង់ស្ថាបនាទុកក្នុងតំណែងឯតទគ្គៈ ជាងពួកភិក្ខុអ្នកមាន បរិវារច្រើន ខ្លួនឯងក៏ប្រាថ្នាតំណែងនោះ ទើបថ្វាយមហាទាន តាំងសេចក្តី ប្រាថ្នាទុក ។ ព្រះមានព្រះភាគទ្រង់ឃើញថា ការប្រាថ្នារបស់កុលបុត្តនោះមិន មានអន្តរាយ ទើបទ្រង់ព្យាករថា ក្នុងអនាគតកាល ក្នុងសាសនារបស់ព្រះគោតម សម្ពុទ្ធ កុលបុត្តនេះនឹងបានជាកំពូលជាងពួកភិក្ខុដែលមានបរិវារច្រើន ។ កុលបុត្តនោះ ធ្វើបុណ្យជាច្រើនទុកក្នុងភពនោះដរាបដល់អស់អាយុ ចុតិ ចាកអត្តភាពនោះហើយ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងទីបំផុត ៩២ កប្ប អំពីកប្បនេះ កើតជាព្រះកនិដ្ឋភាតាមាតាផ្សេងគ្នានៃព្រះមាន ព្រះភាគព្រះនាមថាផុស្សៈ ។ កុលបុត្តនោះ មានប្អូនប្រុស ២ អង្គ ក្សត្រ ទាំង ៣ នោះ និមន្តព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន បូជាដោយគ្រឿងបូជា ដ៏ប្រសើរ ធ្វើកុសលទុកដរាបដល់អស់ជីវិត អន្ទោលទៅក្នុងទេវតានិងមនុស្ស ទាំងឡាយ កើតជាបងប្អូន ៣ នាក់ ក្នុងត្រកូលព្រាហ្មណ៍នានគរពារាណសី មុនព្រះមានព្រះភាគនៃយើងទាំងឡាយកើតឡើង ។ ជនទាំង ៣ មានឈ្មោះ តាមគោត្តថា កស្សបៈ ជនទាំង ៣ ចម្រើនវ័យហើយ ក៏បានរៀនចប់ត្រៃ វេទ ។