រាធត្ថេរាបទានទី ៩

ក្បាលទី 61 · ទំព័រ 548

ព្រះជិនស្រីព្រះនាមបទុមុត្តរៈ មានបញ្ញាចក្ខុ ជាអ្នកប្រាជ ជ្រាប ច្បាស់នូវលោកទាំងពួង ស្តេចកើតឡើងក្នុងកប្បទីមួយសែនអំពីកប្បនេះ ។ ព្រះពុទ្ធទ្រង់ឈ្លាសក្នុងការទេសនា ទ្រង់ប្រទានឱវាទ ញ៉ាំងសត្វឲ្យត្រាស់ដឹង ចម្លងសត្វទាំងពួង ទ្រង់ញ៉ាំងប្រជុំជនច្រើនឲ្យឆ្លង ( ចាកលោក ) ។ ព្រះអង្គ មានសេចក្តីអនុគ្រោះ មានសេចក្តីអាណិតអាសូរ ស្វែងរកប្រយោជន៍ដល់ សព្វសត្វ ទ្រង់ញ៉ាំងពួកតិរ្ថិយទាំងពួងដែលមកប្រជុំគ្នា ឲ្យតាំងនៅក្នុងសីល ៥ ។ កាលយ៉ាងនេះ សាសនានេះមិនវឹកវរ សូន្យចាកពួកតិរ្ថិយ វិចិត្រដោយ ពួកព្រះអរហន្ត ជាបុគ្គលស្ទាត់ជំនាញ ប្រកបដោយតាទិគុណ ។ ព្រះមហា មុនីនោះមានកម្ពស់ ៥៨ ហត្ថ ប្រាកដស្មើដោយគ្រឿងបូជា ជាវិការៈនៃមាសមាន លក្ខណៈដ៏ប្រសើរ ៣២ ប្រការ ។ មានព្រះជន្មមួយសែនឆ្នាំ កាលព្រះអង្គ គង់ព្រះជន្មនៅឡើយ ស្តេចញ៉ាំងប្រជុំជនច្រើនឲ្យឆ្លង ( ចាកលោក ) ។ គ្រានោះ ខ្ញុំកើតជាព្រាហ្មណ៍នៅក្រុងហង្សវតី ជាអ្នកដល់ត្រើយនៃមន្ត បាន ចូលទៅគាល់ព្រះអង្គ ជានរៈដ៏ប្រសើរ ហើយស្តាប់ធម៌ទេសនា ។ ខ្ញុំបាន ឃើញនូវព្រះនាយកមានព្យាយាមធំ កំពុងតាំងភិក្ខុអ្នកមានប្រាជ្ញាក្លៀវក្លាក្នុង ទីជាឯតទគ្គៈ ក្នុងកណ្តាលបរិស័ទ ។ គ្រានោះ ខ្ញុំធ្វើសក្ការៈចំពោះព្រះលោក នាយក ព្រមទាំង ព្រះភិក្ខុសង្ឃ ហើយក្រាបទៀបព្រះបាទាដោយសិរ្សៈ ប្រាថ្នានូវតំណែងនោះ ។ លំដាប់នោះ ព្រះមានព្រះភាគ ព្រះអង្គមានរស្មីដូចជា មាសឆ្តោ ទ្រង់ត្រាស់នឹងខ្ញុំដោយព្រះសូរសៀងគួរត្រេកអរ អាចកម្ចាត់បង់ នូវកិលេស ជាមន្ទិលដូច្នេះថា