ភទ្ទិយវគ្គោ

ក្បាលទី 61 · ទំព័រ 558

ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងលោកក្នុងកប្បទីមួយសែនអំពីកប្បនេះ ។ កាលនោះ ខ្ញុំកើតជាសេដ្ឋីបុត្តក្នុងនគរហង្សវតី ជាអ្នកមានទ្រព្យច្រើន បានដើរទៅកាន់ទីសម្រាកស្មង ក៏ឆៀងចូលទៅកាន់អារាមរបស់សង្ឃ ។ គ្រា នោះ ព្រះអង្គជាប្រទីបនៃលោក ជានាយក កំពុងសម្តែងធម៌ ទ្រង់សរសើរ សាវ័កដ៏ប្រសើរ ដែលមានសំឡេងពីរោះជាងពួកសាវ័ក ដែលមានសំឡេង ពីរោះទាំងឡាយ ។ ខ្ញុំឮព្រះពុទ្ធដីកានោះហើយ ក៏ត្រេកអរ បានធ្វើគ្រឿង សក្ការៈចំពោះព្រះមហេសី ហើយថ្វាយបង្គំបាទានៃព្រះសាស្តា រួចប្រាថ្នានូវ តំណែងនោះ ។ គ្រានោះ ព្រះពុទ្ធជានាយក ទ្រង់ព្យាករក្នុងកណ្តាលជំនុំសង្ឃថា អ្នកនឹង បាននូវតំណែងនុ៎ះដូចចិត្តប៉ុនប៉ងក្នុងកាលអនាគត ។ ក្នុងកប្បទី មួយសែន អំពីកប្បនេះ មានមហាបុរសសម្ភពក្នុងត្រកូលស្តេចឱក្កាកៈ នឹងបានជាសាស្តា ព្រះនាមគោតម ត្រាស់ក្នុងលោក ។ សេដ្ឋីបុត្តនេះ នឹងបានជាឱរស ដែលព្រះធម៌និម្មិត ជាអ្នកទទួលមត៌កក្នុងធម៌របស់ព្រះគោតម ជាសាវ័កនៃ ព្រះសាស្តា មាននាមថាភទ្ទិយ ។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយរបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស ។ ព្រះជិនស្រីព្រះនាមផុស្សៈ ជានាយកដែលគេចូលទៅរកបានដោយកម្រ គេ គ្របសង្កត់បានដោយក្រ ព្រះអង្គខ្ពង់ខ្ពស់ជាងលោកទាំងពួង ទ្រង់កើតឡើង ក្នុងកប្បទី ៩២ អំពីកប្បនេះ ។ ទ្រង់បរិបូណ៌ដោយចរណៈ ជាបុគ្គលប្រសើរ មានព្រះទ័យត្រង់ មានតេជះ ស្វែងរកប្រយោជន៍ដល់សព្វសត្វ ទ្រង់ញ៉ាំង សត្វជាច្រើនឲ្យរួចចាកចំណង ។