កង្ខារេវតត្ថេរាបទានទី ២

ក្បាលទី 61 · ទំព័រ 565

ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់មានបញ្ញាចក្ខុក្នុងធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែនអំពីកប្បនេះ ព្រះ សម្ពុទ្ធទ្រង់មានចង្កាដូចចង្កាសីហៈ មានព្រះសូរសេងដូចសំឡេងព្រហ្ម មាន សូរសព្ទដូចហង្សនិងស្គរ មានពុទ្ធដំណើរដូចដំរីដែលក្លៀវក្លា មានរស្មីដូច ព្រះចន្ទនិងព្រះអាទិត្យជាដើម ។ មានប្រាជ្ញាច្រើន មានព្យាយាមធំ មាន ឈានធំ មានគតិធំ ប្រកបដោយមហាករុណា ជាទីពឹងនៃសត្វលោក ទ្រង់ កម្ចាត់បង់នូវងងឹតធំ គឺមោហៈ ព្រះអង្គជាកំពូលនៃត្រៃលោក ទ្រង់ជ្រាបច្បាស់ នូវចិត្តសត្វ ជាអ្នកប្រាជ្ញ កាលទូន្មាននូវវេនេយ្យសត្វ ហើយទ្រង់សម្តែងធម៌ ច្រើន ។ ព្រះជិនស្រីទ្រង់សរសើរនូវបុគ្គលអ្នកមានឈាន ត្រេកអរក្នុងឈាន មានព្យាយាម មានចិត្តស្ងប់រម្ងាប់ មិនល្អក់ ទ្រង់ញ៉ាំងពួកជនឲ្យត្រេកអរក្នុង កណ្តាលបរិស័ទ ។ កាលនោះ ខ្ញុំជាព្រាហ្មណ៍ដល់នូវត្រើយនៃវេទ នៅក្នុង ក្រុងហង្សវតី លុះស្តាប់ធម៌ហើយ មានចិត្តរីករាយ ទើបប្រាថ្នានូវតំណែង នោះ ។ គ្រានោះ ព្រះជិនស្រីជានាយក ទ្រង់ព្យាករក្នុងកណ្តាលនៃជំនុំសង្ឃថា ម្នាលព្រាហ្មណ៍ អ្នកចូរត្រេកអរចុះ អ្នកនឹងបាននូវតំណែងនុ៎ះ ដូចចិត្តបុនប៉ង ពុំខាន ។ ក្នុងកប្បទីមួយសែនអំពីកប្បនេះ មានមហាបុរសសម្ភពក្នុងត្រកូល ស្តេចឱក្កាកៈ នឹងបានជាសាស្តាក្នុងលោក ព្រះនាមគោតម ។ ព្រាហ្មណ៍នេះ នឹងបានជាឱរសដែលព្រះធម៌និម្មិត ជាអ្នកទទួលមត៌កក្នុងធម៌របស់ព្រះគោតម នោះ ជាសាវ័ករបស់ព្រះសាស្តា មាននាមថា រេវតៈ ។