វង្គីសត្ថេរាបទានទី ៤

ក្បាលទី 61 · ទំព័រ 591

ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ព្រះអង្គមានបញ្ញាចក្ខុក្នុងធម៌ ទាំងពួង ជានាយក ទ្រង់កើតឡើងហើយក្នុងកប្បទីមួយសែនអំពីភទ្ទកប្បនេះ ។ រលកក្នុងសាគរ និងពួកផ្កាយព្ធដ៏អាកាស យ៉ាងណាមិញ សាសនារបស់ព្រះពុទ្ធ អង្គនោះដ៏វិចិត្រហើយដោយពួកព្រះអរហន្ត ក៏យ៉ាងនោះដែរ ។ ព្រះជិន ស្រីដ៏ឧត្តមនោះ មានពួកមនុស្សព្រមទាំងទេវតា អសុរ នាគ ចោមរោមក្នុង កណ្តាលប្រជុំជន កុះករដោយសមណៈនិងព្រាហ្មណ៍ ។ ព្រះជិនស្រីនោះ ព្រះអង្គដល់នូវទីបំផុតនៃលោក ក្នុងលោក ទ្រង់ញ៉ាំងឈូក គឺវេនេយ្យសត្វ ឲ្យពេញចិត្ត ដោយរស្មីទាំងឡាយ ឲ្យត្រាស់ដឹងដោយពាក្យ ( របស់ព្រះអង្គ ) ។ ព្រះអង្គបរិបូណ៌ដោយវេសារជ្ជធម៌ទាំង ៤ ជាបុរសដ៏ឧត្តម មាន ភ័យនិងសេចក្តីកោតញញើតលះបង់ហើយ ទ្រង់ដល់នូវទីដ៏ក្សេម ជាអ្នកក្លៀវក្លា ។ ព្រះអង្គជាបុគ្គលប្រសើរក្នុងលោក ទ្រង់ប្តេជ្ញានូវពុទ្ធភូមិ ដែលជាទីដ៏ ប្រសើរថ្លៃថ្លាទាំងអស់ ព្រះអង្គគ្មានបុគ្គលណាមួយដាស់តឿនឡើយ ។ កាល ព្រះអង្គជាតាទិបុគ្គលបន្លឺនូវសីហនាថ ឥតមានញញើត មិនមានទេវតានិង នរជន ឬព្រហ្មពោលតបតបានឡើយ ។ ព្រះអង្គ កាលសម្តែងធម៌ដ៏ប្រសើរ ញ៉ាំងមនុស្សព្រមទាំងទេវតាឲ្យឆ្លង ( នូវវដ្តៈទាំង ៣ ) ញ៉ាំងធម្មចក្កឲ្យ ប្រព្រឹត្តទៅ ទ្រង់ជាអ្នកក្លៀវក្លាក្នុងបរិស័ទ ។ ព្រះអង្គប្រកាសនូវគុណដ៏ច្រើន នៃសាវ័កមួយរូបដ៏ប្រសើរជាងពួកលោកមានបដិភាណ ដែលគេសន្មតថាជា សប្បុរស ហើយតាំងសាវ័កនោះក្នុងទីជាឯតទគ្គៈ ។