កាឡុទាយិត្ថេរាបទានទី ៦
ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់មានបញ្ញាចក្ខុ ក្នុងធម៌ទាំងពួង ព្រះអង្គជានាយកកើតឡើងក្នុងកប្បទីមួយសែនអំពីភទ្ទកប្បនេះ ។ ព្រះសាស្តា ទ្រង់ប្រសើរជាងពួកអ្នកទូន្មាន ទ្រង់ជ្រាបនូវគុណនិងទោស ព្រះអង្គ ឈ្នះមារ ជាកតញ្ញូកតវេទីបុគ្គល ទ្រង់ញ៉ាំងពួកសត្វ ឲ្យប្រកបក្នុងកំពង់គឺ ធម្មវិន័យ ។ ព្រះអង្គជាសព្វញ្ញូមានសេចក្តីអាណិតសត្វជាទីអាស្រ័យ ទ្រង់ សន្សំនូវគុណរកទីបំផុតគ្មាន ទ្រង់ថ្លឹងមើលដោយញាណនោះ ហើយសម្តែង នូវធម៌ដ៏ប្រសើរ ។ ក្នុងកាលណាៗក៏ដោយ ព្រះសាស្តាមានព្យាយាមមាំមួន មានការបរិសុទ្ធស្អាត ជាងប្រជុំជនជាអនន្ត ទ្រង់សម្តែងធម៌ដ៏ពីរោះប្រកបដោយ សច្ចៈ ៤ ។ ពួកសត្វចំនួនមួយសែន បានត្រាស់ដឹងមគ្គផល ព្រោះ បានស្តាប់នូវធម៌ដ៏ប្រសើរ មានលម្អខាងដើម កណ្តាល និងខាងចុង ។ ក្នុង កាលនោះ ផែនដីក៏លាន់ឮ មេឃក៏គ្រហឹម ពួកទេវតា ព្រហ្ម មនុស្ស អសុរ ក៏ញ៉ាំងសាធុការឲ្យប្រព្រឹត្តទៅថា ឱ ព្រះសាស្តាទ្រង់ប្រកបដោយករុណា ឱ ព្រះសទ្ធម្មទេសនា ឱ ព្រះជិនស្រី ទ្រង់ស្រង់ទេវតា មនុស្ស សត្វ ដែល មុជចុះក្នុងសមុទ្ទ គឺភព ឡើងបាន ។ ( កាលបើសត្វទាំងឡាយ ) ព្រមទាំង មនុស្ស ទេវតា ព្រហ្មកើតសេចក្តីសង្វេគយ៉ាងនេះហើយ ព្រះជិនស្រី ទ្រង់សរសើរនូវសាវ័កដែលប្រសើរជាងបុគ្គលជ្រះថ្លាក្នុងត្រកូលទាំងឡាយ ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលអាមាត្យ ក្នុងហង្សវតីនគរ ជាបុគ្គលប្រកបដោយ សេចក្តីជ្រះថ្លា គួរឲ្យរមិលមើល មានទ្រព្យនិងស្រូវច្រើន ។