អដ្ឋកថាកាឡុទាយិត្ថេរាបទាន

ក្បាលទី 61 · ទំព័រ 612

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៦ ដូចតទៅនេះថា អបទានរបស់ព្រះកាឡុទាយិត្ថេរ មានពាក្យផ្តើមថា បទុមុត្តរោ នាម ជិនោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគ ព្រះនាមថាបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូលក្នុង ហង្សវតីនគរ ដល់នូវភាពជាអ្នកដឹងក្តីហើយ ខណៈស្តាប់ធម្មទេសនារបស់ ព្រះសាស្តា ឃើញភិក្ខុមួយរូប ដែលព្រះសាស្តាទ្រង់ស្ថាបនាទុកក្នុងតំណែង ឯតទគ្គៈ ជាងពួកភិក្ខុដែលធ្វើត្រកូលឲ្យជ្រះថ្លា ទើបធ្វើកម្មដែលមានអំណាច ដើម្បីឲ្យបានតំណែងនោះ ហើយប្រាថ្នាតំណែងនោះ ។ សូម្បីព្រះសាស្តាក៏ ទ្រង់បានព្យាករហើយ ។ កុលបុត្តនោះ បានបំពេញកុសលកម្មដរាបដល់អស់ ជីវិត ហើយអន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងថ្ងៃដែលព្រះ ពោធិសត្វនៃយើងបដិសន្ធិក្នុងព្រះឧទររបស់មាតា កុលបុត្តនេះក៏ចុតិចាកទេវលោក បដិសន្ធិក្នុងត្រកូលអាមាត្យក្នុងនគរកបិលពស្តុនោះឯង ។ កុលបុត្ត នេះបានកើតក្នុងថ្ងៃតែមួយជាមួយនឹងព្រះពោធិសត្វនោះឯង ក្នុងថ្ងៃនោះ មាតាបិតា ឲ្យកុលបុត្តនោះដេកលើកែប ដែលធ្វើដោយសំពត់ទុកូលពស្រ្តយ៉ាងល្អ នាំទៅកាន់ទីគាល់របស់ព្រះពោធិសត្វ ។ ពិតហើយ ដើមពោធិព្រឹក្ស រាហុល មាតា កំណប់ទ្រព្យទាំង ៤ ដំរ្បី១សេះកណ្ឋកៈ នាយឆន្ន និងកាឡុទាយី អាមាត្យ ៧ យ៉ាងនេះ ជាសហជាតនឹងព្រះពោធិសត្វ ព្រោះកើតក្នុងថ្ងៃតែ មួយ ។ លុះដល់ថ្ងៃ ដាក់ឈ្មោះ មាតាបិតាបានដាក់ឈ្មោះថាឧទាយី ព្រោះ កើតក្នុងថ្ងៃដែលអ្នកនគរទាំងមូលមានចិត្តត្រេកអរ ។ តែគេបែរជាមានឈ្មោះ ប្រាកដថាកាឡុទាយី ព្រោះមានសម្បុរខ្មៅ