អដ្ឋកថាអភយត្ថេរាបទាន

ក្បាលទី 61 · ទំព័រ 635

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៧ ដូចតទៅនេះថា អបទានរបស់អភយត្ថេរ មានពាក្យផ្តើមថា បទុមុត្តរោ នាម ជិនោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើទុកហើយក្នុងព្រះជិនស្រី ដ៏ ប្រសើរអង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុក ក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ កើតក្នុងត្រកូល ព្រាហ្មណ៍ ក្នុងហង្សវតីនគរ ។ បានចម្រើនវ័យហើយ ជាអ្នករៀនចប់វេទង្គ ស្រាស្ត ជាអ្នកឈ្លាសក្នុងលទ្ធិសម័យរបស់ខ្លួន និងរបស់អ្នកដទៃ ថ្ងៃមួយ បានស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តាហើយ មានចិត្តជ្រះថ្លា ពោលសរសើរ ព្រះមានព្រះភាគ ដោយគាថាទាំងឡាយ តាំងនៅក្នុងអត្តភាពនោះដរាប អស់អាយុ ធ្វើបុណ្យទាំងឡាយទុក ចុតិចាកអត្តភាពនោះហើយ ទៅកើត ក្នុងទេវលោក អន្ទោលទៅមកតែក្នុងសុគតិភពបុណ្ណោះ ក្នុងពុទ្ធុប្បាទ កាលនេះ កើតជាព្រះរាជឱរសរបស់ព្រះបាទពិម្ពិសារ ក្នុងនគររាជគ្រឹះ ជន ទាំងឡាយថ្វាយព្រះនាមថា អភយកុមារ ។ ព្រះរាជកុមារនោះ លុះចម្រើន វ័យហើយ ជាអ្នកស្និទ្ធស្នាលជាមួយពួកនិគ្រន្ថ ថ្ងៃមួយ ត្រូវនិគណ្ឋនាដបុត្ត បញ្ជូនទៅដើម្បីលើកវាទៈ ព្រះសាស្តា បានទូលសួរបញ្ញាដ៏ល្អិតសុខុម ស្តាប់ ព្យាករដ៏ល្អិតហើយ មានសេចក្តីជ្រះថ្លា បួសក្នុងសម្នាក់ព្រះសាស្តា បញ្ជូន ញាណទៅតាមលំដាប់កម្មដ្ឋានហើយ មិនយូរបុន្មានក៏បានសម្រេចអរហត្ត ។ កាលបានសម្រេចអរហត្តហើយ រពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យ ថា បទុមុត្តរោ នាម ជិនោ ដូច្នេះជាដើម ។ ពាក្យទាំងអស់មានអត្ថដឹង បានដោយងាយនោះឯង ។