នឡមាលិកាថេរិយាបទានទី ៥

ក្បាលទី 61 · ទំព័រ 660

កាលនោះ ខ្ញុំជាកិន្នរញី នៅជិតឆ្នេរស្ទឹងចន្ទភាគា បានឃើញ ព្រះពុទ្ធ ទ្រង់ប្រាសចាកធូលីគឺកិលេស ត្រាស់ដឹងឯង ទ្រង់ឈ្នះកិលេស ហើយ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តល្អ កើតសេចក្តីរីករាយ ធ្វើអញ្ជលីហើយ យកកម្រងផ្កាបបុស បូជាព្រះសយម្ភូ ។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះ ផង ដោយការតម្កល់ចេតនានោះផង លុះខ្ញុំលះបង់រាងកាយជាកិន្នរញីហើយក៏ បានទៅកើតក្នុងឋានត្រៃត្រិង្ស ។ ខ្ញុំបាននូវភាពជាមហេសីនៃទេវរាជ ៣៦ ដង បាននូវភាពជាមហេសីនៃស្តេចចក្រពត្តិ ១០ ដង ។ ខ្ញុំទទួលរងកុសល បានចូលទៅកាន់ផ្នួស កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ អាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីទៀតមិនមាន ឡើយ ។ ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ កិលេស ទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំជាស្រីមិន មានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំ មកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំ ក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះនឡមាលិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។