បញ្ចទីបិកាថេរិយាបទានទី ៩

ក្បាលទី 61 · ទំព័រ 666

ក្នុងកាលនោះ ខ្ញុំជាអ្នកដំណើរ នៅអាស្រ័យក្នុងនគរហង្សវតី ជាស្រីពេញចិត្តក្នុងកុសល តែងទៅអំពីអារាម ទៅកាន់អារាម ។ ខ្ញុំបានឃើញ នូវពោធិព្រឹក្សដ៏ឧត្តម ក្នុងថ្ងៃកាឡបក្ខ ញ៉ាំងចិត្តឲ្យជ្រះថ្លា ចំពោះពោធិព្រឹក្ស នោះ ហើយអង្គុយនៅក្បែរគល់នៃពោធិព្រឹក្ស ។ ខ្ញុំតាំងចិត្តគោរព ធ្វើអញ្ជលី លើក្បាល ហើយទទួលនូវសោមនស្ស ក៏គិតយាងនេះក្នុងខណៈនោះថា បើ ព្រះពុទ្ធមានគុណរាប់មិនបាន មិនមានបុគ្គលប្រៀបផ្ទឹមស្មើបានមែន សូមឲ្យ ពោធិព្រឹក្សនេះ សម្តែងនូវបាដិហារ្យដល់អាត្មាអញ គឺសូមឲ្យភ្លឺស្វាងចុះ ។ ក្នុងខណៈនោះ ពោធិព្រឹក្សប្រែជាមាសទាំងអស់ ភ្លឺស្វាងឡើងដំណាលគ្នានឹង ខ្ញុំកំពុងពិចារណា ឯទិសទាំងពួងក៏ភ្លឺរុងរឿងឡើង ។ ខ្ញុំអង្គុយនៅក្បែរគល់ ពោធិព្រឹក្សនោះអស់ ៧ យប់ ៧ ថ្ងៃ ដល់ថ្ងៃទី ៧ ខ្ញុំបានបូជាប្រទីប ។ ប្រទីបទាំង ៥ ក៏ភ្លឺរុងរឿងព័ទ្ធអាសនៈ កាលនោះប្រទីបទាំងឡាយរបស់ខ្ញុំ ក៏ភ្លឺរុងរឿងដរាបដល់ព្រះអាទិត្យរះឡើង ។ ខ្ញុំលះបង់នូវរាងកាយជារបស់ មនុស្ស បានទៅកើតក្នុងឋានតាវត្តិង្ស ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង ។ ប្រាសាទរបស់ខ្ញុំ ដែលបុញ្ញកម្មធ្វើល្អ ហើយក្នុងឋានតាវត្តិង្សនោះហៅថាបញ្ចទីបប្រាសាទមានកម្ពស់ ១០០ យោជន៍ មានទំហំ ៦០ យោជន៍ ។ ប្រទីបទាំងឡាយរបស់ខ្ញុំរាប់មិនអស់ តែងភ្លឺរុងរឿង ជុំវិញខ្ញុំ ទាំងភពទេវតាក៏ភ្លឺដោយ ពន្លឺប្រទីបនោះដែរ ។ ខ្ញុំអង្គុយបែរ មុខទៅរកទិសខាងកើត បើខ្ញុំប្រាថ្នាដើម្បីមើលខាងលើ ខាងក្រោម និងទីទទឹង ខ្ញុំនឹងឃើញនូវវត្ថុទាំងពួងដោយចក្ខុ ។