សលឡបុប្ផិកាថេរិយាបទានទី ២
ក្នុងកាលនោះ ខ្ញុំកើតជាកិន្នរញី នៅក្បែរឆ្នេរស្ទឹងចន្ទភាគា គ្រានោះ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់ជាទេវតាប្រសើរជាងទេវតា ព្រះអង្គ ប្រសើរជាងនរជន ទ្រង់កំពុងចង្រ្កម ។ ខ្ញុំបានបេះផ្កាស្រល់ យកទៅថ្វាយ ព្រះសម្ពុទ្ធដ៏ប្រសើរ ឯព្រះមហាវីរៈ ទ្រង់ហិតនូវផ្កាស្រល់ ដែលមានក្លិនដូចជា ទិព្វ ។ ព្រះសម្ពុទ្ធព្រះនាមវិបស្សី ជាលោកនាយក មានព្យាយាមធំ ទ្រង់ បានទទួលយកហើយ កាលដែលខ្ញុំកំពុងតែសម្លឹងមើល ទ្រង់ក៏ហិតក្នុងកាល នោះ ។ ខ្ញុំផ្គងអញ្ជលីថ្វាយបង្គំព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាងសត្វជើងពីរ ខ្ញុំ ញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ឡើងទៅកាន់ភ្នំ ។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ ជាផលនៃពុទ្ធបូជា ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងពួងខ្ញុំដក ចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់ នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសលឡបុប្ផិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។