មោទកទាយិកាថេរិយាបទានទី ៣

ក្បាលទី 61 · ទំព័រ 674

ខ្ញុំជាកុម្ភទាសី នៅក្នុងនគរពន្ធុមតី បានកាន់យកនូវចំណែក ( នំ អន្សម ) របស់ខ្ញុំ ហើយទៅកាន់កំពង់ទឹក ។ ខ្ញុំបានឃើញសមណៈ ១ រូប ក្នុងទីពាក់កណ្តាលផ្លូវ លោកមានចិត្តស្ងប់ស្ងាត់ មានចិត្តតម្កល់មាំមួន ខ្ញុំមាន ចិត្តជ្រះថ្លា មានចិត្តរីករាយ បានប្រគេននំអន្សម ៣ ។ ខ្ញុំមិនដែលទៅកាន់ វិនិបាតអស់ ២៩ កប្ប ដោយកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកន ូវចេតនានោះផង ។ ខ្ញុំធ្វើនូវកុសលហើយ ខ្ញុំបានទទួលសម្បត្តិទាំងអស់ ព្រោះបានធ្វើកុសលឲ្យជាសម្បត្តិ ខ្ញុំបានដល់នូវអចលបទគឺព្រះនិព្វាន ព្រោះ ប្រគេននំអន្សម ៣ ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំ ដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចមេដំរីកាត់ផ្តាច់ នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះមោទកទាយិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។