ឧប្បលវណ្ណាថេរិយាបទានទី ៩

ក្បាលទី 61 · ទំព័រ 714

ឧប្បលវណ្ណាភិក្ខុនី ដល់នូវត្រើយនៃឫទ្ធិ បានថ្វាយបង្គំព្រះបាទា ព្រះសាស្តា ហើយពោលនូវពាក្យនេះថា បពិត្រព្រះមហាមុនី ខ្ញុំម្ចាស់ ឆ្លងផុតនូវជាតិសង្សារហើយ ដល់នូវព្រះនិព្វាន ជាទីមិនកម្រើក ខ្ញុំម្ចាស់ សូមក្រាបទូលនូវទុក្ខទាំងពួងរបស់ខ្ញុំម្ចាស់ដែលអស់ហើយ ។ ពួកបរិស័ទ ទាំងប៉ុន្មាន ជ្រះថ្លាក្នុងសាសនានៃព្រះជិនស្រី កំហុសរបស់ខ្ញុំម្ចាស់ មានចំពោះ ពួកជនណា សូមពួកជននោះ អត់ទោសក្នុងទីចំពោះព្រះភក្ត្រនៃព្រះជិនស្រីឲ្យទាន ។ បពិត្រព្រះអង្គជាមហាវីរបុរស ខ្ញុំម្ចាស់កំពុងអន្ទោលទៅក្នុងសង្សារ បើខ្ញុំម្ចាស់មានសេចក្តីភ្លាត់ភ្លាំង ខ្ញុំម្ចាស់សូមអង្វរ សូមព្រះអង្គអត់ទោសចំពោះ កំហុសនៃខ្ញុំម្ចាស់នោះ ។ ម្នាលនាងអ្នកធ្វើតាមសាសនារបស់តថាគត បើ ដូច្នោះ ចូរនាងសម្តែងនូវឫទ្ធិចុះ ចូរនាងញ៉ាំងបរិស័ទទាំង ៤ ឲ្យកាត់នូវ សេចក្តីសង្ស័យទាំងប៉ុន្មានក្នុងថ្ងៃនេះចុះ ។ បពិត្រព្រះអង្គជាមហាវីរបុរសទ្រង់ មានបញ្ញា ទ្រទ្រង់នូវសេចក្តីរុងរឿង ខ្ញុំម្ចាស់ជាធីតារបស់ព្រះអង្គ ចំណែក ខាងអំពើដ៏ច្រើន ដែលគេកម្រធ្វើបាន ខ្ញុំព្រះអង្គបានធ្វើឲ្យជាអំពើរឹតតែកម្រ ក្រៃលែង ។ បពិត្រព្រះអង្គជាមហាវីរបុរស ទ្រង់មានបញ្ញាចក្ខុ សម្បុររបស់ ខ្ញុំម្ចាស់ដូចជាសម្បុរនៃផ្កាឧប្បល ខ្ញុំម្ចាស់មានឈ្មោះថា ឧប្បលវណ្ណា ជាធីតា របស់ព្រះអង្គ សូមថ្វាយបង្គំព្រះបាទា ។ ព្រះរាហុលត្ថេរនិងខ្ញុំម្ចាស់ ធ្លាប់កើត ក្នុងភពតែមួយអស់រយនៃជាតិជាច្រើន ជាអ្នកមានចិត្តនិងឆន្ទៈស្មើគ្នា ។