បដាចារាថេរិយាបទានទី ១០
ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ព្រះអង្គដល់នូវត្រើយនៃធម៌ទាំងពួង ជានាយក ទ្រង់កើតឡើងក្នុងកប្បទី ១ សែន អំពីកប្បនេះ ។ ក្នុង គ្រានោះ ខ្ញុំកើតក្នុងត្រកូលសេដ្ឋីក្នុងនគរហង្សវតី រុងរឿងដោយរតនៈផ្សេងៗ ។ ជាស្រីឆ្អែតស្កប់ស្កល់ដោយសេចក្តីសុខច្រើនយាង ។ ខ្ញុំបានចូលទៅគាល់ព្រះអង្គ ជាមហាវីរបុរសនោះ បានស្តាប់ធម្មទេសនា លំដាប់នោះ ខ្ញុំកើតសេចក្តី ជ្រះថ្លា ហើយដល់នូវព្រះជិនស្រីជាទីពឹង ។ លំដាប់នោះ ព្រះពុទ្ធជានាយក ទ្រង់សរសើរភិក្ខុនីជាអ្នកអេនោខ្មាស មានចិត្តនឹងធឹង ក្លៀវក្លាក្នុងហេតុគួរ និង មិនគួរ ជាភិក្ខុនីខ្ពង់ខ្ពស់ជាងភិក្ខុនីទាំងឡាយ អ្នកទ្រទ្រង់នូវវិន័យ ។ ក្នុង កាលនោះ ខ្ញុំមានចិត្តរីករាយ ប៉ុនប៉ងចំពោះតំណែងនោះ ហើយនិមន្តព្រះ ទសពលជាលោកនាយក ព្រមទាំងព្រះសង្ឃ ឲ្យឆាន់អស់ ៧ ថ្ងៃ ហើយ បានថ្វាយបាត្រនិងចីវរ ក្រាបទៀបព្រះបាទាដោយត្បូង ហើយពោលពាក្យនេះ ថា បពិត្រព្រះមុនីជាធីរបុរស ភិក្ខុនីណាដែលព្រះអង្គសរសើរហើយ បពិត្រ ព្រះអង្គជានាយក ខ្ញុំម្ចាស់សូមឲ្យបានដូចភិក្ខុនីនោះ ក្នុងកប្បទី ៨ អំពីកប្បនេះ បើសេចក្តីប្រាថ្នានឹងសម្រេច ។ ក្នុងកាលនោះ ព្រះសាស្តាបានត្រាស់នឹង ខ្ញុំថា ម្នាលនាងដ៏ចម្រើន នាងកុំខ្លាច ចូរនាងត្រេកអរចុះ ក្នុងកាលអនាគត នាងនឹងបានតំណែងនុ៎ះ ដូចចិត្តប្រាថ្នា ។ ព្រះសាស្តាព្រះនាមគោតម ទ្រង់ សម្ភពក្នុងត្រកូលក្សត្រឱក្កាកៈនឹងមានក្នុងលោក ក្នុងកប្បទី ១ សែនអំពីកប្បនេះ ។