កុណ្ឌលកេសីវគ្គោ
ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ព្រះអង្គដល់នូវត្រើយនៃធម៌ ទាំងពួង ជានាយក ទ្រង់កើតឡើងក្នុងកប្បទី ១ សែន អំពីភទ្ទកប្បនេះ ។ គ្រានោះ ខ្ញុំកើតក្នុងត្រកូលនៃសេដ្ឋីក្នុងក្រុងហង្សវតី ជាត្រកូលរុងរឿងដោយ រតនវត្ថុផ្សេងៗ ខ្ញុំជាស្រីស្កប់ស្កល់ដោយសេចក្តីសុខច្រើនប្រការ ។ ខ្ញុំចូលទៅ រកព្រះពុទ្ធ ជាមហាវីរបុរសអង្គនោះ ហើយបានស្តាប់ធម៌ដ៏ឧត្តម លំដាប់ នោះ ខ្ញុំមានសេចក្តីជ្រះថ្លាកើតឡើងហើយ បានដល់ព្រះជិនស្រីជាទីពឹង ។ ក្នុងកាលនោះឯង ព្រះពុទ្ធជានាយក ព្រះនាមបទុមុត្តរៈ ប្រកបដោយមហាករុណា ទ្រង់តាំងសុភាភិក្ខុនី ថាជាភិក្ខុនីប្រសើរជាងពួកភិក្ខុនី ដែលត្រាស់ដឹង ឆាប់រហ័ស ។ លុះខ្ញុំបានស្តាប់ព្រះពុទ្ធវាចានោះហើយ ខ្ញុំមានសេចក្តីរីករាយ បានថ្វាយទានដល់ព្រះពុទ្ធជាមហេសី ហើយក្រាបចុះទៀបព្រះបាទា ដោយត្បូង ប្រាថ្នានូវតំណែងនោះ ។ ព្រះពុទ្ធជាមហាវីរបុរស ទ្រង់អនុមោទនាថា ម្នាលនាងដ៏ចម្រើន តំណែង ណា ដែលនាងប្រាថ្នាហើយ តំណែងទាំងអស់នោះ នឹងសម្រេចពុំខាន ចូរ នាងបានសេចក្តីសុខ រំលត់ទុក្ខចុះ ។ ក្នុងកប្បទី ១ សែនអំពីកប្បនេះ ព្រះសាស្តា ព្រះនាមគោតម ទ្រង់សម្ភពក្នុងត្រកូលក្សត្រឈ្មោះឱក្កាកៈ នឹងកើតឡើង ក្នុងលោក ។ នាងនឹងបានជាញាតិក្នុងធម៌របស់ព្រះសាស្តាអង្គនោះ ជា ឱរស ជាធម្មនិម្មិត ជាសាវិកានៃព្រះសាស្តា ឈ្មោះនាងកុណ្ឌលកេសីដ៏ ចម្រើន ។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស ។ លុះខ្ញុំច្យុតចាកឋានតាវត្តិង្សនោះ ទៅកើតក្នុងឋានយាមៈ ច្យុតចាកឋានយាមៈ នោះ បានទៅកើតឋានតុសិត ច្យុតចាកឋានតុសិតនោះ ក៏បានទៅកើតក្នុងឋា