នន្ទាថេរិយាបទានទី ៥
ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងកប្បទី ១ សែន អំពីកប្បនេះ ។ ព្រះពុទ្ធទ្រង់ទូន្មានសត្វលោក ញ៉ាំងសត្វលោកឲ្យដឹងច្បាស់ ចម្លងសត្វទាំងពួង ឈ្លាសវៃក្នុងទេសនា ទ្រង់ញ៉ាំងប្រជុំជនជាច្រើនឲ្យឆ្លងហើយ ។ ព្រះអង្គ ជាអ្នកអនុគ្រោះ ប្រកបដោយករុណា ស្វែងរកនូវប្រយោជន៍ដល់សត្វទាំងពួង ទ្រង់ញ៉ាំងតិរ្ថិយទាំងពួងដែលមកដល់ហើយឲ្យតាំងនៅក្នុងសីល ៥ ។ សីល ៥ ជារបស់មិនវឹកវរយ៉ាងនេះ ជារបស់សូន្យពួកតិរ្ថិយ ជារបស់ដែល ព្រះអរហន្តទាំងឡាយ អ្នកមានសេចក្តីស្ទាត់ជំនាញ ប្រកបដោយតាទិគុណ វិចិត្រហើយ ។ ព្រះពុទ្ធព្រះនាមបទុមុត្តរៈនោះ ជាអ្នកប្រាជ្ញធំ មានកម្ពស់ ៥៨ ហត្ថ មានទ្រង់ទ្រាយដូចចេតិយមាស មានលក្ខណៈ ៣២ ដ៏ប្រសើរ ។ ព្រះអង្គមានព្រះជន្ម ១ សែនឆ្នាំជាកំណត់ ទ្រង់ឋិតនៅអស់កាលប៉ុណ្ណោះ ទ្រង់ញ៉ាំងប្រជុំជនជាច្រើនឲ្យឆ្លងហើយ ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលសេដ្ឋី ជាត្រកូលរុងរឿងដោយកែវផ្សេង ៗ ជាអ្នកស្កប់ស្កល់ដោយសេចក្តីសុខដ៏ធំ នៅក្នុងក្រុងហង្សវតី ។ ខ្ញុំបានចូលទៅគាល់ព្រះពុទ្ធអង្គនោះ ព្រះអង្គមាន ព្យាយាមធំ ខ្ញុំបានស្តាប់នូវធម៌ទេសនា គឺអមតនិព្វាន ជាធម៌មានអានិសង្ស ក្រៃលែង មានប្រយោជន៍យ៉ាងល្អិតល្អន់ ជាធម៌ដែលព្រះអង្គសម្តែងហើយ ។ គ្រានោះ ខ្ញុំមានចិត្តជ្រះថ្លាខ្លាំង បាននិមន្តព្រះលោកនាយក ព្រមទាំងភិក្ខុសង្ឃ ហើយថ្វាយមហាទានដល់ព្រះអង្គ ដោយដៃរបស់ខ្លួន ។