សោណាថេរិយាបទានទី ៦
ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងហើយក្នុងកប្បទី ១ សែនអំពីកប្បនេះ ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលសេដ្ឋី ដល់នូវសេចក្តីសុខ ជាស្រីមានគេជាប់ចិត្ត ជាទីស្រឡាញ់ ខ្ញុំបានចូលទៅគាល់ព្រះពុទ្ធអង្គនោះ ជាអ្នកប្រាជ ដ៏ប្រសើរ បានស្តាប់តម្រាស់ដ៏ពីរោះ ។ ព្រះជិនស្រីទ្រង់សរសើរ ភិក្ខុនី អ្នកមានព្យាយាមលើសលុប ជាងភិក្ខុនីទាំងឡាយអ្នកមានព្យាយាមប្រារព្ធ ខ្ញុំបានស្តាប់ព្រះពុទ្ធតម្រាស់នោះ ក៏មានចិត្តរីករាយ ហើយធ្វើនូវសក្ការៈចំពោះ ព្រះសាស្តា ។ កាលនោះ ខ្ញុំថ្វាយបង្គំព្រះសម្ពុទ្ធ ហើយប្រាថ្នានូវតំណែងនោះ ព្រះមហាវីរបុរស ទ្រង់អនុមោទនាថា សេចក្តីប្រាថ្នានៃនាងនឹងសម្រេច ។ ក្នុង កប្បទី ១ សែន អំពីកប្បនេះ ព្រះសាស្តាព្រះនាមគោតម កើតក្នុងឱក្កាក ត្រកូលនឹងត្រាស់ដឹងឡើងក្នុងលោក ។ នាងនឹងបាន ជាញាតិក្នុងធម៌ទាំងឡាយ នៃព្រះសាស្តានោះ ជាឱរស ជាធម្មនិម្មិត ជាសាវិកានៃព្រះសាស្តា មាន ឈ្មោះថា សោណា ។ កាលនោះ ខ្ញុំបានស្តាប់ពុទ្ធព្យាករណ៍នោះហើយ ក៏ មានចិត្តរីករាយ មានចិត្តប្រកបដោយមេត្តា បម្រើព្រះជិនស្រី ជានាយកនៃ សត្វលោក ដោយបច្ច័យទាំងឡាយ ដរាបដល់អស់ជីវិត ។ ដោយកុសលកម្ម ដែលខ្ញុំធ្វើល្អហើយនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់ រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស ។ ឥឡូវនេះ ដល់មកក្នុងបច្ឆិមភព ខ្ញុំកើតក្នុងត្រកូលនៃសេដ្ឋី ជាត្រកូលស្តុកស្តម្ភធំ ទូលាយ មានទ្រព្យច្រើនក្នុងក្រុងសាវត្ថី ជាបុរីដ៏ប្រសើរ ។