ភទ្ទកាបិលានីថេរិយាបទានទី ៧
ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយកនៃសត្វលោក ទ្រង់កើតឡើងក្នុងកប្បទី ១ សែន អំពីកប្បនេះ ។ កាលនោះ សេដ្ឋីឈ្មោះវិទេហៈ មានកែវដ៏ប្រសើរនៅក្នុងក្រុងហង្សវតី ខ្ញុំជាប្រពន្ធនៃសេដ្ឋីនោះ ។ ក្នុងកាលមួយ សេដ្ឋីនោះ ព្រមទាំងជនជា បរិស័ទ ចូលទៅគាល់ព្រះពុទ្ធ ជាព្រះអាទិត្យរបស់នរជន ហើយស្តាប់ធម៌ របស់ព្រះពុទ្ធ ជាទីនាំមកនូវការអស់ទៅនៃទុក្ខទាំងពួង ។ ព្រះពុទ្ធជានាយក ទ្រង់សរសើរនូវសាវ័កថា ជាអ្នកប្រសើរជាងភិក្ខុទាំងឡាយ អ្នកពោលពាក្យ ជាគ្រឿងកម្ចាត់បង់នូវកិលេស ។ ខ្ញុំបានស្តាប់ហើយ ថ្វាយទានដល់ព្រះពុទ្ធ ជាតាទិបុគ្គលអស់ ៧ ថ្ងៃ ។ ខ្ញុំក្រាបទៀបព្រះបាទាដោយសិរ្សៈ ប្រាថ្នាតំណែង នោះ គ្រានោះ ព្រះអង្គជាអ្នកឆ្នើមជាងនរៈ ទ្រង់ញ៉ាំងបរិស័ទឲ្យរីករាយហើយ ទ្រង់ត្រាស់គាថាទាំងនេះដើម្បីអនុគ្រោះសេដ្ឋីថា ម្នាលកូន អ្នកនឹងបានតំណែង ដែលអ្នកប្រាថ្នាហើយ អ្នកចូរបានរំលត់ទុក្ខចុះ ។ ក្នុងកប្បទី ១ សែន អំពី កប្បនេះ ព្រះសាស្តាព្រះនាមគោតម កើតក្នុងឱក្កាកៈត្រកូលនឹងត្រាស់ឡើង ក្នុងលោក ។ សេដ្ឋីនោះនឹងបានជាញាតិក្នុងធម៌ទាំងឡាយនៃព្រះសាស្តានោះ ជាឱរស ជាធម្មនិម្មិត ជាសាវ័កនៃព្រះសាស្តា មានឈ្មោះកស្សបៈ ។ កាល នោះ ខ្ញុំបានស្តាប់ព្យាករណ៍នោះហើយ ក៏រីករាយ មានចិត្តប្រកបដោយមេត្តា បម្រើព្រះជិនស្រី ព្រះអង្គជានាយកនៃសត្វលោក ដោយបច្ច័យទាំងឡាយដរាប ដល់អស់ជីវិត ។