អដ្ឋារសថេរីសហស្សានមបទានទី ១០

ក្បាលទី 61 · ទំព័រ 775

ភិក្ខុនី ១៨ ពាន់ មាននាងយសោធរាជាប្រធាន ដែលកើតក្នុង ត្រកូលសក្យៈ បាននាំគ្នាចូលទៅគាល់ព្រះសម្ពុទ្ធ ។ ភិក្ខុនីទាំង ១៨ ពាន់ នោះ សឹងមានឫទ្ធិច្រើន នាំគ្នាចូលទៅថ្វាយបង្គំព្រះបាទាព្រះមុនី ក្រាបទូល តាមសមគួរដល់កម្លាំងថា បពិតព្រះមហាមុនី ជាតិ ជរា ព្យាធិ និងមរណៈ ( នៃយើងខ្ញុំ ) អស់ហើយ បពិត្រព្រះអង្គជានាយក យើងខ្ញុំទាំងឡាយនឹង ទៅកាន់ព្រះនិព្វានឈ្មោះអមតៈ ដែលមិនមានអាសវៈ ជាផ្លូវដ៏ស្ងប់រម្ងាប់ ។ បពិត្រព្រះមហាមុនី កាលពីដើម ពួកភិក្ខុនីទាំងអស់ មានសេចក្តីភ្លាំងភ្លាត់ ពួកភិក្ខុនីដឹងច្បាស់នូវកំហុស បពិត្រព្រះអង្គជានាយក សូមព្រះអង្គអត់ទោស ដល់យើងខ្ញុំ ។ នាងទាំងឡាយ ជាអ្នកធ្វើតាមសាសនារបស់តថាគត ចូរសម្តែងនូវឫទ្ធិ ឲ្យទាល់តែកាត់សេចក្តីសង្ស័យរបស់ពួកបរិស័ទទាំងអស់ ។ បពិត្រព្រះមហាវីរៈ ខ្ញុំម្ចាស់យសោធរា ជាទីពេញព្រះហបឫទ័យ ជាទី ស្រឡាញ់ គួររមិលមើល បពិត្រព្រះមហាវីរៈ ស្ត្រីទាំងពួងជាព្រះជាយាក្នុង ដំណាក់របស់ព្រះអង្គ ។ បពិត្រព្រះអង្គមានព្យាយាម បណ្តាពួកស្រី ១ សែន ៩៦ រូប ខ្ញុំម្ចាស់ជាប្រធាន ជាឥស្សរៈលើស្រីទាំងពួងក្នុងព្រះរាជដំណាក់របស់ ព្រះអង្គ ។ ពួកស្រីទាំងអស់ ជាអ្នកបរិបូណ៌ដោយគុណ គឺរូបនិងអាចារៈ ឋិតនៅក្នុងបឋមវ័យ ពោលពាក្យជាទីស្រឡាញ់ តែងគោរពកោតក្រែងខ្ញុំម្ចាស់ ដូចពួកមនុស្សគោរពកោតក្រែងពួកទេវតា ។ ពួកស្រីទាំង ១៨ ពាន់ កើត ក្នុងត្រកូលសក្យៈ ក្នុងកាលនោះ ស្រី ១ ពាន់ទ្រទ្រង់យស ជាប្រធាន ជាធំ ។