សេលាថេរិយាបទានទី ១០

ក្បាលទី 61 · ទំព័រ 809

ព្រះជិនស្រី ព្រះនាមកស្សបៈ មានផៅពង្សប្រសើរ ទ្រង់មានយស ធំ ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើងក្នុងភទ្ទកប្បនេះ ។ ខ្ញុំកើតក្នុងត្រកូលនៃឧបាសកក្នុងក្រុងសាវត្ថី ជាបុរីដ៏ប្រសើរ ជាអ្នកខ្វល់ខ្វាយ បានឃើញព្រះជិនស្រីដ៏ប្រសើរនោះផង បានស្តាប់នូវទេសនាផង ។ ខ្ញុំដល់ នូវព្រះពុទ្ធ ទ្រង់មានសេចក្តីព្យាយាមនោះ ជាទីពឹងផង សមាទាននូវសីល ទាំងឡាយផង ជួនកាល ព្រះពុទ្ធមានព្យាយាមធំនោះ ប្រសើរជាងពួកជន ទ្រង់ប្រកាសនូវអភិសម្ពោធិញ្ញាណរបស់ព្រះអង្គ ក្នុងទីប្រជុំមហាជន ក្នុងសច្ច ទាំងឡាយ មានទុក្ខសច្ចជាដើម ជាធម៌ដែលព្រះអង្គមិនធ្លាប់ឮក្នុងកាលមុន ។ ចក្ខុក្តី ញាណក្តី បញ្ញាក្តី វិជ្ជាក្តី ពន្លឺក្តី កើតមានដល់ខ្ញុំ បពិត្រភិក្ខុទាំងឡាយ ខ្ញុំបានស្តាប់ បានរៀននូវរឿងនោះ ហើយសាកសួរ ។ ដោយកុសលកម្ម ដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់ រាងកាយជារបស់នៃមនុស្ស ក៏បានទៅកើតក្នុងឋានតាវត្តិង្ស ។ ឥឡូវនេះ ដល់មកក្នុងបច្ឆិមភព ខ្ញុំកើតក្នុងត្រកូលមហាសេដ្ឋី បានចូលទៅជិតព្រះពុទ្ធ ហើយបានស្តាប់នូវព្រះសទ្ធម្មដែលប្រកបដោយមច្ចុ ។ ខ្ញុំបួសហើយមិនយូរ ប៉ុន្មាន ក៏បានត្រិះរិះនូវប្រយោជន៍ទាំងពួង បានញ៉ាំងអាសវៈទាំងពួងឲ្យអស់ ហើយបានសម្រេចព្រះអរហត្ត ។ បពិត្រព្រះមហាមុនី ខ្ញុំជាអ្នកស្ទាត់ជំនាញ ក្នុងឫទ្ធិទាំងឡាយផង ជាអ្នកស្ទាត់ជំនាញក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ ជំនាញក្នុងចេតោបរិយញ្ញាណផង ។