រតនចង្កមនកណ្ឌំ

ក្បាលទី 62 · ទំព័រ 2

គ្រានោះ សហម្បតីព្រហ្ម ជាអធិបតីនៃលោក ធ្វើអញ្ជលី អារាធនាព្រះសម្ពុទ្ធថា ពួកសត្វក្នុងលោកនេះ មានធូលី គឺរាគាទិក្កិលេសក្នុងភ្នែកស្រាលស្តើងហើយ សូមព្រះអង្គសម្តែង ធម៌ សូមព្រះអង្គអនុគ្រោះ ពួកសត្វនេះ ។ ពួកព្រហ្មធ្វើអញ្ជលី អារាធនាព្រះមានព្រះភាគ ជាអធិបតីនៃលោក ខ្ពង់ខ្ពស់ជាងនរជន ថា ពួកសត្វក្នុងលោកនេះ មានប្រាជ្ញា មានធូលី គឺរាគាទិក្កិលេស ក្នុងភ្នែក ស្រាលស្តើងហើយ សូមព្រះអង្គសម្តែងធម៌ សូមព្រះអង្គ អនុគ្រោះពួកសត្វនេះ ។ សូមព្រះសុគតសម្តែងធម៌ សូមសម្តែង ព្រះនិព្វានឈ្មោះអមតៈ បពិត្រព្រះនាយក សូមព្រះមានព្រះភាគ សម្តែងធម៌ ដើម្បីអនុគ្រោះដល់សត្វលោកទាំងឡាយ ។ ព្រះតថាគតទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាតាទិបុគ្គល ទ្រទ្រង់នូវពន្លឺ ទ្រទ្រង់នូវរាងកាយជាទីបំផុត ព្រះអង្គឥតមាន បុគ្គលផ្ទឹមបាន ទ្រង់មានសេចក្តីករុណា កើតឡើងក្នុងសត្វ ទាំងពួង ។ ព្រះមានព្រះភាគ ជាសាស្តា ទ្រង់ព្រះសណ្តាប់ពាក្យនោះ ហើយ ក៏ទ្រង់ពោលនូវពាក្យនេះថា ទ្វារនៃព្រះនិព្វាននោះ របើកហើយ សត្វទាំងឡាយណា មាន សោតប្បសាទ សត្វទាំងនោះ ចូរបញ្ចេញនូវសទ្ធាចុះ ម្នាល ព្រហ្ម តថាគតសម្គាល់នូវសេចក្តីនឿយលំបាក បានជាមិន សម្តែងធម៌ដ៏ឧត្តម ដែលតថាគតស្ទាត់ហើយ ចំពោះមនុស្ស ទាំងឡាយ ។ សម័យនោះ ព្រះមានព្រះភាគ ទ្រង់អនុគ្រោះដល់ពួក វេនេយ្យសត្វ ព្រះអង្គទ្រង់ជាអ្នកប្រាជដ៏ប្រសើរ ទ្រង់ពុទ្ធដំណើរ ទៅអំពីដើមអជបាលនិគ្រោធ ។ ព្រះអង្គស្តេចចូលទៅកាន់ក្រុង ពារាណសី ដោយព្រះពុទ្ធដំណើរតាមលំដាប់ គ្រានោះ ព្រះមាន ព្រះភាគទ្រង់ គង់លើបល្ល័ង្កដ៏ប្រសើរនោះឯង ។