អដ្ឋកថា គន្ថារម្ភកថា
មធុរត្ថវិលាសិនី ខុទ្ទកនិកាយ ពុទ្ធវង្ស ខ្ញុំព្រះករុណាសូមនមស្ការចំពោះព្រះពុទ្ធ ទ្រង់មានញាណ មិនមាននូវទីបំផុត មានព្រះករុណាជាទីអាស្រ័យ ទ្រង់ទម្លាយ មន្ទិល មានព្រះហបឫទ័យមាំទាំ ទ្រង់អនុគ្រោះនូវប្រយោជន៍ ។ សូមនមស្ការនូវព្រះធម៌ដ៏ប្រសើរ ជាគ្រឿងរារាំងនូវភព ។ សូមនមស្ការព្រះសង្ឃ លោកប្រាសចាកមន្ទិល និងជា ប្រភពកើតនៃ គុណ ។ ព្រះសារីបុត្ត ជាធម្មសេនាបតី ជាបុគ្គលប្រសើរជាងពួក ពុទ្ធសាវ័កខាងបញ្ញា បានទូលសួរព្រះសាស្តា ជាធម្មរាជា ទ្រង់ជាអ្នកដល់នូវត្រើយ មិនមានព្រំដែន ប្រាសចាកមន្ទិល ដល់ពុទ្ធវង្សណា ក្នុងកណ្តាលពួកព្រះញាតិ ពុទ្ធវង្សណា ដែលព្រះតថាគត ជាវង្សអ្នកត្រាស់ដឹងដោយល្អ ជា វិសុទ្ធិវង្ស ជាអ្នកកម្ចាត់ឱកាសនៃកិលេសហើយ ជានាយក ដ៏វិសេស ជាអ្នកមានសមាធិជាគ្រឿងនៅប្រកាសហើយ ក្នុង កណ្តាលពួកព្រះញាតិនេះ ។ ពួកឱរសព្រះសុគត មិនធ្វើលំដាប់បាលី និងអត្ថនៃ បាលីឲ្យសាបសូន្យ នាំគ្នារួបរួមតាមដែលសិក្សា ស្តាប់បន្ត គ្នាមក ដរាបដល់បច្ចុប្បន្ននេះ ។ ព្រោះកិច្ចពណ៌នាពុទ្ធវង្សនោះឯង ដែលមិនដាច់ខ្សែនៃ ព្រះសម្ពុទ្ធដ៏បវរ ជារឿងដែលស្តាប់មិនធុញទ្រាន់នាំ ឲ្យកើត សេចក្តីជ្រះថ្លា និងបញ្ញាដល់ជនទាំងឡាយសព្វកាល ប្រព្រឹត្ត ទៅតាមលំដាប់ ដូច្នោះ ខ្ញុំដែលព្រះពុទ្ធសីហៈ ជាអ្នកត្រេកអរ ក្នុងព្រះសទ្ធម្មដោយគោរព ជាអ្នកមាំទាំក្នុងគុណ មានសីល ជាដើម អារាធនាហើយ ទើបផ្តើមពណ៌នាពុទ្ធវង្សនោះ ដើម្បី កម្ចាត់ទោសរបស់ជនទាំងឡាយ សព្វកាល ដើម្បីការតាំងមាំ នៃព្រះពុទ្ធសាសនា ដើម្បីការកើត និងចម្រើននៃបុណ្យ របស់ខ្ញុំឯង និងដើម្បីញ៉ាំងនូវមហាជនឲ្យជ្រះថ្លា ។