សុមេធបត្ថនាកថា

ក្បាលទី 62 · ទំព័រ 26

ឥឡូវនេះ នឹងពណ៌នាសេចក្តីនៃពុទ្ធវង្សនោះ ដែលនាំបន្តគ្នាមកយ៉ាង នេះ ក៏ព្រោះកិច្ចពណ៌នាសេចក្តីនេះ ចាំបាច់សម្តែងនិទាន ៣ គឺទូរេនិទាន អវិទូរេនិទាន និងសន្តិកេនិទានហើយ ឈ្មោះថា ពណ៌នាដោយល្អ និង ឈ្មោះថា បុគ្គលដែលស្តាប់និទាននោះដឹងរឿងបាន ព្រោះដឹងមកតាំងអំពី ដើមហេតុដែលកើតហេតុនោះ ខ្ញុំនឹងសម្តែងពណ៌នានិទានទាំងនោះផង ។ ក្នុងនិទាននោះ គប្បីជ្រាបបរិច្ឆេទរបស់និទានទាំងនោះ ផ្តើមតាំងអំពី ដើមសិន ការសម្តែងសេចក្តីដោយសង្ខេបក្នុងនិទាននោះ ដូច្នេះ កថាដែល ប្រព្រឹត្តទៅ តាំងអំពីព្រះមហាសត្វបំពេញបារមី ទៀបបាទារបស់ព្រះ ទសពលសម្ពុទ្ធព្រះនាមទីបង្ករ រហូតដល់ចុតិចាកអត្តភាពជាព្រះវេស្សន្តរ ហើយកើតក្នុងស្ថានតុសិត ឈ្មោះថា ទូរេនិទាន ។ កថាដែលប្រព្រឹត្តទៅ តាំងអំពីចុតិចាកភពតុសិត រហូតត្រាស់ដឹង ព្រះសព្វញ្ញុតញ្ញាណ ត្រង់ពោធិមណ្ឌលដ្ឋាន ឈ្មោះថា អវិទូរេនិទាន ។ តាំងអំពីទ្រង់សម្រេចសព្វញ្ញុតញ្ញាណ ត្រង់មហាពោធិមណ្ឌលដ្ឋាន រហូតដល់គ្រែជាទីបរិនិព្វាន ក្នុងចន្លោះនេះ ព្រះមានព្រះភាគទ្រង់គង់នៅទីណា ៗ យ៉ាងនេះថា សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពនមហាវិហារ ជាអារាមរបស់អនាថបិណ្ឌិកគហបតី ក្រុងសាវត្ថី ឬពាក្យថា ទ្រង់គង់នៅក្នុងវត្តវេឡុវនកលន្ទកនិវាបស្ថាន ទៀបរាជគ្រឹះ ឬពាក្យថា ទ្រង់ គង់នៅក្នុងកូដាគារសាលា នាព្រៃមហាវ័ន ជិតក្រុងវេសាលី ដូច្នេះ ទីនោះៗ គប្បីជ្រាបថា ឈ្មោះថា សន្តិកេនិទាន ។ កិច្ចពណ៌នាពាហិរនិទាន ៣ និទាន គឺទូរេនិទាន ១ អវិទូរេនិទាន ១ សន្តិកេនិទាន ១ ដោយសង្ខេបនេះឯង ជាការបញ្ចប់ដោយនិទានកថាត្រឹម បុណ្ណេះ ។