អត្ថរបស់ព្រហ្មសព្ទ

ក្បាលទី 62 · ទំព័រ 41

ក្នុងរឿងនេះ មានដូច្នេះថា គាថានេះថា ព្រះជិនសម្ពុទ្ធ ដែលព្រហ្មអារាធនា ដើម្បីសម្តែងធម៌ ក្នុងកាលណា គាថានេះ អ្នកណាលើកឡើងពោល ពោលកាលណា និង ទីណា ។ មានអត្ថដែលពោលហើយ តែខ្ញុំនឹងពណ៌នាបទដែលលំបាកនៃគាថា នេះ ដែលពោលហើយ ដោយសម្ពន្ធនេះ ដូចតទៅនេះថា បណ្តាបទទាំងនោះ បទថា ព្រហ្មា មានវិគ្គហៈថា ឈ្មោះថា ព្រហ្ម ព្រោះអត្ថថា ជាអ្នកចម្រើនហើយដោយគុណវិសេសនោះៗ ។ ព្រហ្ម សព្ទ នេះ ប្រាកដក្នុងអត្ថទាំងឡាយ មានមហាព្រហ្ម ព្រាហ្មណ៍ ព្រះតថាគត មាតាបិតា និងបុគ្គលប្រសើរបំផុតជាដើម ។ ពិតហើយ ព្រហ្ម សព្ទ លោក សំដៅយកមហាព្រហ្ម ដូចក្នុងប្រយោគជាដើមថា ទ្វិសហស្សោ ព្រហ្មា មហាព្រហ្ម ២០០០ ។ លោកសំដៅយកថាជាព្រាហ្មណ៍ ដូចក្នុងប្រយោគជាដើមថា តមោនុទោ ពុទ្ធោ សមន្តចក្ខុ លោកន្តគូ សព្វភវាតិវត្តោ អនាសវោ សព្វទុក្ខប្បហីនោ សច្ច វ្ញយោ ព្រហ្មេ ឧបសិតោ មេ ។ ព្រះពុទ្ធមានចក្ខុជុំវិញ គឺសព្វញ្ញុតញ្ញាណ បន្ទោបង់នូវសេចក្តី ងងឹត ដល់នូវទីបំផុតនៃលោក កន្លងផុតនូវភពទាំងពួង ព្រះអង្គ មិនមានអាសវៈ លះបង់នូវទុក្ខទាំងពួង មានព្រះនាមជា សច្ចបុគ្គល ខ្ញុំក៏បានចូលទៅរកព្រះមានព្រះភាគ ដ៏ប្រសើរ រួចហើយ ។ លោកសំដៅយកព្រះតថាគត ក្នុងប្រយោគជាដើមថា ព្រហ្មាតិ ខោ ភិក្ខវេ តថាគតស្សេតំ អធិវចនំ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រហ្ម នេះ ជាឈ្មោះរបស់តថាគតនោះឯង ។ លោកសំដៅយកមាតាបិតា ដូចក្នុងប្រយោគជាដើមថា ព្រហ្មាតិ មាតាបិតរោ បុព្វាចរិយាតិ វុច្ចរេ មាតាបិតា បណ្ឌិតហៅថា ព្រហ្មផង បុព្វាចារ្យផង ។