អត្ថរបស់ធម្មសព្ទ
សត្វដែលមានកិលេសដូចធូលីក្នុងភ្នែកតិច ជាសភាវៈទាំងនោះ ។ គប្បីធ្វើ នូវការប្តូរវិភត្តិថា សត្តានំ ហើយធ្វើការភ្ជាប់ជាមួយបទនេះថា ទេសេហិ ធម្មំ សេចក្តីនឹងជាក់ច្បាស់ ។ បទថា ទេសេហិ នេះ ជាពាក្យអារាធនា អធិប្បាយ ថា សូមសម្តែង សូមពោលប្រៀនប្រដៅ ។ ក្នុងពាក្យថា ធម្មំ នេះ ធម្មស ព្ទនេះ ប្រើក្នុងអត្ថទាំងឡាយ មានបរិយត្តិ សមាធិ បញ្ញា ប្រក្រតី សភាវៈ សុញ្ញតា បុញ្ញៈ អាបត្តិ ញេយ្យ និងចតុសច្ចធម៌ជាដើម ។ ពិតហើយ ធម្ម សព្ទ ប្រើក្នុងអត្ថថា បរិយត្តិ ដូចក្នុងប្រយោគ ជាដើមថា ឥធ ភិក្ខុ ធម្មំ បរិយាបុណាតិ សុត្តំ គេយ្យំ វេយ្យាករណំ ។ បេ ។ វេទល្លំ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ រៀននូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ ។ បេ ។ វេទល្លៈ ។ ប្រើក្នុងអត្ថថា សមាធិ ដូចក្នុងប្រយោគជាដើមថា ឯវំធម្មា តេ ភគវន្តោ ព្រះមានព្រះភាគទាំងនោះ មានធម៌យ៉ាងនេះ ។ ប្រើក្នុងអត្ថថា បញ្ញា ដូចក្នុងប្រយោគជាដើមថា យសតេ ចតុរោ ធម្មា វានរិន្ទ យថា តវ សច្ចំ ធម្មោ ធិតិ ចាគោ ទិដ្ឋំ សោ អតិវត្តតិ ។ ( អារក្សទឹកពោលថា ) បពិត្រវានរិន្ទ បុគ្គលណា មានធម៌ ៣ ដូចអ្នក គឺសេចក្តីសង្វាត ១ សេចក្តីក្លៀវក្លា ១ បញ្ញា ១ បុគ្គលនោះ រមែងកន្លងបង់នូវសត្រូវបាន ដូច្នេះ ។ ប្រើក្នុងអត្ថថា ប្រក្រតី ដូចក្នុងប្រយោគជាដើមថា ជាតិធម្មា ជរា ធម្មា អថោ មរណធម្មិនោ ពួកបុថុជ្ជន មានព្យាធិជាធម្មតា មានជរាជាធម្មតា មានមរណៈជាធម្មតា ដូច្នេះ ។ ប្រើក្នុងអត្ថថា សភាវៈ ដូចក្នុងប្រយោគជាដើមថា កុសលា ធម្មា អកុសលា ធម្មា អព្យាកតា ធម្មា ប្រែថា ពួកធម៌ជាកុសល ពួកធម៌ ជាអកុសល ពួកធម៌ជាអព្យាក្រឹត ដូច្នេះ ។