អត្ថរបស់គុណសព្ទ
ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា ឥទ្ធិពលេន អសមោ បានដល់ មិនមាន បុគ្គលស្មើ មិនមានបុគ្គលដូច មិនមានបុគ្គលប្រៀប ដោយកម្លាំងឫទ្ធិ មាន បឫទ្ធិ គឺការធ្វើឲ្យវិសេស និងឫទ្ធិ គឺការអធិដ្ឋានជាដើម ។ បទថា ធម្មចក្កប្បវត្តនេ សេចក្តីថា មិនមានបុគ្គលស្មើក្នុងទេសនាញាណ ។ ឥឡូវនេះ ដើម្បីសម្តែងការប្រកបក្នុងការនមស្ការព្រះតថាគតថា ព្រះសាស្តា អង្គណា ប្រកបព្រមដោយព្រះគុណ ដូចពោលមកនេះជាដើម ព្រះសាស្តា អង្គនោះ ទ្រង់ជានាយកឯកនៃលោកទាំងពួងរបស់អ្នកទាំងឡាយ ចូរ នមស្ការព្រះសាស្តាអង្គនោះ ទើបព្រះសង្គីតិកាចារ្យទាំងឡាយពោលថា អ្នកទាំងឡាយ ចូរនាំគ្នាក្រាបថ្វាយបង្គំនូវព្រះមហាមុនី ព្រះអង្គ បរិបូណ៌ដោយគុណទាំងពួង ប្រកបដោយអវ័យវៈទាំងពួង ទ្រង់មានករុណាជាទីពឹងនៃលោក ។ ក្នុងគាថានោះ សព្ទថា ឯវំ ជានិបាត ចុះក្នុងអត្ថចង្អុលបង្ញាញ ដូច ដែលពោលមកហើយ ។ សព្ទនេះថា សព្វោ ក្នុងពាក្យថា សព្វគុណូបេតំ នេះ ជាសព្ទពោលដល់ មិនសេសសល់ឡើយ ។ គុណ សព្ទនេះថា គុណោ ប្រាកដក្នុងអត្ថជាច្រើន ។ ពិតហើយ គុណ សព្ទនេះ ប្រើក្នុងអត្ថថា ជាន់ ដូចក្នុងប្រយោគ ជាដើមថា អនុជានាមិ ភិក្ខវេ អហតានំ វត្ថានំ ទិគុណំ សង្ឃាដឹ ម្នាលភិក្ខុទាំងឡាយ កាលបើសំពត់នៅថ្មោង តថាគតអនុញ្ញាត ( ឲ្យអ្នក ទាំងឡាយធ្វើ ) សង្ឃាដីពីរជាន់ ដូច្នេះ ។ មកក្នុងអត្ថថា ក្រុម ឬជំនាន់ ដូចក្នុងប្រយោគជាដើមថា អច្ចេន្តិកាលា តរយន្តិ រត្តិយោ វយោគុណា អនុបព្វំ ជហន្តិ កាលទាំងឡាយ តែង កន្លងផុតទៅ រាត្រីទាំងឡាយ តែងឆ្លងហួសទៅ ជំនាន់នៃវ័យទាំងឡាយ តែងលះបង់នូវលំដាប់ ដូច្នេះ ។