អត្ថរបស់សាធុសព្ទ

ក្បាលទី 62 · ទំព័រ 142

វិស័យ ។ បទថា វិនោទយិស្សាម កែជា វិនោទេស្សាម ( នឹងបន្ទោបង់ ) ។ គ្រានោះ ភិក្ខុទាំងនោះស្តាប់ពាក្យរបស់ព្រះថេរៈហើយ នាំគ្នាកាន់បាត្រ និងចីវររៀងៗ ខ្លួន ដូចដំរីធំពាក់ក្រោះល្អហើយ មានកិលេសដែលទម្លាយ ហើយ មានចំណងកាត់ផ្តាច់ហើយ ជាអ្នកប្រាថ្នាតិច សន្តោស ស្ងាត់ មិន ច្រឡូកច្រឡំ ដល់ព្រមដោយសីល សមាធិ បញ្ញា វិមុត្តិ និងវិមុត្តិញ្ញាណទស្សនៈ ក៏នាំគ្នាប្រញាប់ប្រញាល់មកប្រជុំ ដោយហេតុនោះ ទើបព្រះ សង្គីតិកាចារ្យទាំងឡាយពោលថា ឯពួកភិក្ខុទាំងនោះ ជាអ្នកមានប្រាជ្ញាចាស់ក្លា សង្រួមឥន្ទ្រិយ ក៏ទទួលព្រមថា សាធុ ហើយប្រដាប់បាត្រ និងចីវរ ដើរទៅជា ប្រញាប់ ដូច្នេះ ។ ក្នុងគាថានោះ សាធុ សព្ទ ក្នុងបទថា សាធុ នេះ ប្រើក្នុងអត្ថទាំង ឡាយ មានសំណូមពរ ទទួល លួងចិត្ត និងប្រពៃជាដើម ពិតហើយ សាធុ សព្ទនេះ ប្រើក្នុងអត្ថថា សំណូមពរ ដូចក្នុងប្រយោគជាដើមថា សាធុ មេ ភន្តេ ភគវា សង្ខិត្តេន ធម្មំ ទេសេតុ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះមានព្រះភាគ សម្តែងធម៌ដោយសង្ខេបដល់ខ្ញុំ ដូច្នេះ ។ មកក្នុងអត្ថទទួល ដូចក្នុងប្រយោគជាដើមថា សាធុ ភន្តេតិ ខោ សោ ភិក្ខុ ភគវតោ ភាសិតំ អភិនន្ទិត្វា អនុមោទិត្វា ភិក្ខុនោះ ទទួលពាក្យថា សាធុព្រះអង្គ ហើយរីករាយអនុមោទនាភាសិតរបស់ព្រះមានព្រះភាគដូច្នេះ ។ មកក្នុងអត្ថថា ឲ្យរីករាយចិត្ត ដូចក្នុងប្រយោគជាដើមថា សាធុ សាធុ សារីបុត្ត ប្រពៃហើយ ប្រពៃហើយ សារីបុត្ត ដូច្នេះ ។ មកក្នុងអត្ថថា ប្រពៃ ដូចក្នុងប្រយោគជាដើមថា សាធុ ធម្មរុចិ រាជា សាធុ បញ្ញាណវា នរោ សាធុ មិត្តានមទ្ទុព្ភោ បបស្សាករណំ សុខំ ។ ព្រះរាជាជាអ្នកគាប់ចិត្តដោយធម៌ទើបល្អ ជនមានប្រាជ្ញាទ