អត្ថរបស់ពោធិសព្ទ
សេចក្តីថា ពិតផង ប្រសើរផង ឈ្មោះថា សច្ចៈដ៏ប្រសើរ អធិប្បាយថា សច្ចៈដ៏ឧត្តម ។ បាឋៈថា ចត្តារោ សច្ចវរុត្តមេ ដូច្នេះក៏មាន សេចក្តីថា សច្ចៈដ៏ប្រសើរឧត្តមទាំង ៤ ។ បទថា តេ តេ បានដល់ ទេវតា និងមនុស្ស នោះ ដែលព្រះសម្ពុទ្ធទ្រង់ទូន្មានហើយ ។ បទថា សច្ចរសំ បានដល់ ផឹកនូវ អមតៈ គឺការចាក់ធ្លុះសច្ចៈ ៤ ។ បទថា វិនោទេន្តិ មហាតមំ សេចក្តីថា បន្ទោបង់ គឺកម្ចាត់នូវងងឹត គឺមោហៈ ដែលគប្បីលះដោយមគ្គនោះៗ ។ បទថា បត្វាន បានដល់ ទ្រង់ចាក់ធ្លុះ ។ ពោធិ សព្ទ ក្នុងបទថា ពោធឹ នេះ មកក្នុងអត្ថដូចតទៅនេះថា មគ្គ ផល និព្វាន ដើមឈើ បញ្ញត្តិ និងសព្វញ្ញុតញ្ញាណ ។ ពិតហើយ ពោធិ សព្ទ មកក្នុងអត្ថថា មគ្គ ដូចក្នុងប្រយោគជាដើម ថា ពោធិ វុច្ចតិ ចតូសុ មគ្គេសុ ញាណំ សម្មាទិដ្ឋិ ( ញាណ ) ក្នុងមគ្គ ៤ លោកហៅថា ពោធិ ដូច្នេះ ។ មកក្នុងអត្ថថា ផល ដូចក្នុងប្រយោគជាដើមថា ឧបមាយ អភិញ្ញាយ សម្ពោធាយ សំវត្តតិ ប្រព្រឹត្តទៅដើម្បីសេចក្តីស្ងប់រម្ងាប់ ប្រព្រឹត្តទៅដើម្បី សេចក្តីដឹងច្បាស់ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ដូច្នេះ ។ មកក្នុងអត្ថថា និព្វាន ដូចក្នុងប្រយោគជាដើមថា និព្វាន បត្វាន ពោធឹ អមតំ អសង្ខតំ ព្រះមានព្រះភាគ ទ្រង់សម្រេចពោធិ ដែលជា អមតៈ មិនមានបច្ច័យតាក់តែង ។ មកក្នុងអត្ថថា ដើមឈើ ដូចក្នុងប្រយោគជាដើមថា អន្តរា ច គយំ អន្តរា ច ពោធ្បិឹ១ ក្នុងចន្លោះនៃគយាសីសប្រទេសផង ក្នុងចន្លោះពោធិព្រឹក្ស ផង ដូច្នេះ ។ មកក្នុងអត្ថថា បញ្ញត្តិ ដូចក្នុងប្រយោគថា ពោធិ ខោ រាជកុមារោ ភោតោ គោតមស្ស បទេ សិរសា វន្ទតិ បពិត្រព្រះអង្គដ៏ចម្រើន ពោធិរាជកុមារ សូមថ្វាយបង្គំព្រះបាទាព្រះអង្គដោយត្បូង ។