អដ្ឋកថារេវតពុទ្ធវង្សទី ៥
រេវតពុទ្ធវង្សទី ៥ សម័យខាងក្រោយ នៃព្រះមានព្រះភាគសុមនៈ កាលសាសនារបស់ ព្រះអង្គអន្តរធានទៅហើយ ពួកមនុស្សដែលមានអាយុ ៩ ម៉ឺនឆ្នាំ ក៏ថយចុះ ទៅដោយលំដាប់ រហូតដល់អាយុ ១០ ឆ្នាំ ហើយឡើងដោយលំដាប់ រហូតដល់ មានអាយុមួយអសង្ខេយ្យហើយ ក៏ថយចុះវិញ រហូតមានអាយុ ៦ ម៉ឺន ឆ្នាំ ។ សម័យនោះ ព្រះសាស្តាព្រះនាមថារេវតៈទ្រង់កើតឡើង ។ ទ្រង់បំពេញ បារមីទាំងឡាយហើយ កើតក្នុងស្ថានសួគ៌ជាន់តុសិត ដែលជាភពរុងរឿង ដោយរតនៈច្រើន ។ ចុតិចាកស្ថានសួគ៌ជាន់តុសិតនោះហើយ ទ្រង់បដិសន្ធិ ក្នុងព្រះគភ៌របស់ព្រះនាងវិបុលា បរិបូណ៌ដោយគុណរាសីដ៏ល្អគួរចាប់ចិត្ត ដែលជាទីផ្តោតចក្ខុនៃជនទាំងពួង រុងរឿងដោយលម្អ ដែលកើតអំពីមុខ និងហទយៈដ៏មានសិរី ដូចផ្កាឈូករីកត្រកាល អគ្គមហេសីក្នុងរាជត្រកូល របស់ព្រះបាទវិបុលរាជ បរិបូណ៌ដោយភាពស្តុកស្តម្ភគ្រប់យ៉ាង ដែលដេរដាស ដោយហេតុកើតនៃសិរីសម្បត្តិ ព្រះនាងចោមរោមដោយរាជបរិវារដ៏ល្អ ប្រមាណមិនបាន ប្រដាប់ដោយគ្រឿងអលង្ការទាំងពួង ក្នុងក្រុងសុធញ្ញវតី ដែលមានទ្រព្យ និងស្រូវច្រើន ។ គ្រប់កំណត់ទសមាស ក៏ប្រសូតចាកផ្ទៃ របស់ព្រះជននី ដូចស្តេចហង្សមាស ហើរចេញអំពីចិត្រកូដបព៌ត ។ បាដិហារ្យទាំងឡាយ ក្នុងបដិសន្ធិ និងប្រសូតរបស់ព្រះអង្គ ក៏មាន ន័យដូចពោលមកហើយខាងដើម ។ ទ្រង់មានប្រាសាទ ៣ ខ្នង ឈ្មោះ សុទស្សនៈ ១ រតនគ្ឃិ ១ អាវេឡៈ ១ មានស្ត្រីចំនួន ៣ ម៉ឺន ៣ ពាន់ ដែល មានព្រះនាងសុទស្សនាទេវីជាប្រធានក៏ប្រាកដ ។ ព្រះរេវតរាជកុមារនោះ ដែល ពួកស្ត្រីចោមរោមហើយ ដូចទេវកុមារដែលពួកយុវទេពធីតាចោមរោមហើយ ទ្រង់នៅជាឃរាវាសវិស័យ សោយលោកិយសុខ ៦ ពាន់ឆ្នាំ កាលព្រះរាជឱរសព្រះនាមវរុណៈរបស់ព្រះនាងសុទស្សនាទេវីប្រសូត ទ្រ