អនោមទស្សីពុទ្ធវំសោ

ក្បាលទី 62 · ទំព័រ 472

អនោមទស្សិពុទ្ធវង្សទី ៧ កាលជាខាងក្រោយអំពីព្រះសោភិតសម្ពុទ្ធមក មានព្រះ សម្ពុទ្ធព្រះនាមអនោមទស្សី ព្រះអង្គប្រសើរជាងសត្វទ្វេបាទ ទ្រង់ មានយសរាប់មិនបាន ទ្រង់មានតេជះ ទ្រង់កម្របុគ្គលកន្លងបាន ។ ព្រះសម្ពុទ្ធទ្រង់កាត់ចំណងទាំងអស់ កម្ចាត់បង់ភពទាំង ៣ ហើយ សម្តែងផ្លូវសម្រាប់ដើរឆ្ពោះទៅរកនិព្វាន មិនត្រឡប់វិញ ចំពោះ ទេវតា និងមនុស្ស ។ ព្រះអនោមទស្សីអង្គនោះ ទ្រង់មិនរំភើប ដូចជាសាគរ គេគ្របសង្កត់បានដោយក្រ ដូចជាភ្នំ ទ្រង់មាន គុណរកទីបំផុតគ្មាន ដូចជាអាកាស មានព្រះកាយរីកពេញ ដូចជា ស្តេចឈើ ។ ពួកសត្វគ្រាន់តែឃើញព្រះសម្ពុទ្ធអង្គនោះ ក៏ មានសេចក្តីត្រេកអរ សត្វទាំងនោះ លុះបានស្តាប់មធុរវាចា ដែលលាន់ឮ ក៏បានដល់អមតនិព្វាន ។ កាលនោះ ការត្រាស់ដឹង ធម៌របស់ព្រះអង្គ ក៏ធំទូលាយផ្សាយទៅ ចំនួនពួកសត្វ ១០០ កោដិ បានត្រាស់ដឹង ក្នុងការសម្តែងធម៌លើកទី ១ ។ លំដាប់ អំពីនោះមក កាលព្រះសម្ពុទ្ធបង្អុរចុះនូវភ្លៀង គឺធម៌ក្នុងអភិសម័យ ពួកសត្វ ៨០ កោដិ បានត្រាស់ដឹងក្នុងការសម្តែងធម៌ លើកទី ២ ។ តអំពីនោះមកទៀត កាលព្រះសម្ពុទ្ធទ្រង់បង្អុរចុះ គ្រាប់ភ្លៀង គឺធម៌ ទ្រង់ញ៉ាំងពួកសត្វឲ្យឆ្អែតស្កប់ស្កល់ ( ដោយ ធម៌ ) ពួកសត្វ ៧៨ កោដិ បានសម្រេចមគ្គផលលើកទី ៣ ។ ព្រះអនោមទស្សីអង្គនោះ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាព្រះអរហន្ត បានសម្រេច អភិញ្ញាពល រីកពេញដោយវិមុត្តិ គឺសន្និបាតលើកទី ១ កាល នោះ មានព្រះអរហន្ត ៨ សែន ដែលមានសេចក្តីស្រវឹង និង សេចក្តីវង្វេងលះបង់ហើយ មានសន្តានស្ងប់រម្ងាប់ ទាំងមានចិត្ត នឹងធឹង ។